ទឹកជំនន់មិនធ្លាប់មានក្នុងពេល ៥០ឆ្នាំ សម្លាប់មនុស្សកើនដល់ ២០០នាក់នៅអេស្ប៉ាញ

ម៉ាឌ្រីដ : ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅភាគខាងកើតប្រទេសអេស្ប៉ាញ បានកើនឡើងដល់ជាង ២០៥នាក់ហើយ ខណៈមានរបាយការណ៍ថា មនុស្សជាច្រើនទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន ចាប់តាំងពីថ្ងៃអង្គារ ដល់ថ្ងៃពុធសប្តាហ៍នេះ បានជន់លិចតំបន់វ៉ាលែនសៀ និងកន្លែងផ្សេងទៀត ខណៈដែលរថយន្ត និងស្ពានជាច្រើន ត្រូវ បាន ទឹក លិច ។

ទឹកភ្លៀងនៅតែបន្ត ធ្លាក់ នៅ តំបន់ រង គ្រោះ កាល ពី ថ្ងៃ សុក្រ។ ហើយគិតមកទល់ពេលនេះ មន្ត្រីយោធា និងអ្នកពន្លត់អគ្គីភ័យ កំពុងបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរបស់ពួកគេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស ២០៥នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងអ្វីដែលត្រូវបានគេពិពណ៌នាថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងប្រទេសអេស្ប៉ាញក្នុងរយៈពេល ៥ទសវត្សរ៍។

អង្គភាព យោធា បាន ចូលរួម ជាមួយ អ្នក ពន្លត់ អគ្គិភ័យ ដើម្បី ស្វែងរក មនុស្សជាប់គាំងក្នុង រថយន្ត ដែល លិច ទឹក និង យក ភក់ ចេញពី ផ្លូវ។ ប្រជាពលរដ្ឋ ខ្លះ រិះគន់ អាជ្ញាធរ ថា ចាត់វិធានការឆ្លើយតប យឺត ពេក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានដកស្រង់សម្ដីអ្នកស្រុកថា ការខូចខាតបានកើត ឡើងរួចហើយ មុនពេលមានការប្រកាស អាសន្ន។ ផ្លូវថ្នល់ត្រូវបានទឹកកាត់ផ្តាច់នៅកន្លែងជាច្រើន ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ក្រុមស្រាវជ្រាវអន្តរជាតិដែលវិភាគព្រឹត្តិការណ៍អាកាសធាតុនិយាយថា ភ្លៀងធ្លាក់អាចកាន់តែអាក្រក់ទៅៗ ដោយសារឥទ្ធិពលនៃការឡើងកំដៅផែនដី៕

ប្រភព : NHK ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner