អគ្គមេបញ្ជាការ៖ ក្រុមប្រឆាំងញុះញង់ឱ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយប្រើប្រាស់រូបភាពបាតុកម្មទៅជាបដិវត្តន៍ពណ៌
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា ការនៃកងយោធពលខេមរភូមិន្ទ បានពន្យល់ពីសភាពការណ៍ថ្មីៗមួយចំនួន ដែលកើតឡើងទាំងក្នុង និងក្រៅប្រទេស ជាពិសេស ក្រុមប្រឆាំងដែលរិះរកគ្រប់ល្បិចកល បង្កើតនូវព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ញុះញង់ឱ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយប្រើប្រាស់រូបភាពបាតុកម្មទៅជាបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ការពន្យល់នេះ ក្នុងឱកាសនាំយកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចែកជូនបណ្តាបញ្ជាការដ្ឋានទ័ពជំនាញ និងបណ្តាសាលាចំណុះអគ្គបញ្ជាការដ្ឋាន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។
អគ្គមេបញ្ជាការ បានលើកឡើងពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ បានខិតខំកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ជាសមិទ្ធផលប្រវត្តិសាស្ត្រមិនធ្លាប់មាន ដើម្បីទុកជាមរតកសម្រាប់ប្រជាជាតិកម្ពុជាជានិច្ចនិរន្តរ៍។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំឱ្យមេបញ្ជាការគ្រប់ថ្នាក់ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន ពិនិត្យតាមដានសភាពការណ៍ឱ្យបានហ្មត់ចត់ និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងឱ្យបានល្អ ជំហររឹងមាំ ដើម្បីការពារសន្តិភាព ព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយដែលត្រូវរួមគ្នាការពារឲ្យបានដាច់ខាត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
នាយឧត្តមសេនីយ៍ ក៏បានណែនាំឱ្យមេបញ្ជាការគ្រប់ប្រភេទទ័ព អប់រំកងកម្លាំងរបស់ខ្លួនឱ្យមានវិន័យ និងរួមសហការជាមួយកម្លាំងជំនាញ ស្រាវជ្រាវលុបបំបាត់ ទប់ស្កាត់គ្រឿងញៀន ដែលជាប្រធានបទសំខាន់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឱ្យបានដាច់ខាត និងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សប្រសិនបើមានករណីជួញដូរ និងប្រើប្រាស់កើតមានក្នុងមូលដ្ឋានរបស់ខ្លួន។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានក្រើនរម្លឹកដល់មេបញ្ជាការគ្រប់រូប បង្កើនការយកចិត្តទុកដាក់ប្រសាសន៍ណែនាំសម្តេចធិបតីនាយករដ្ឋមន្រ្តី ពាក់ព័ន្ធអំពីយោធិនពិការ យោធិនចូលនិវត្តន៍ ក្នុងនោះយោធិនដែលមានជំនាញ មានសមត្ថភាពត្រូវរក្សាទុកដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង នៅមានកម្លាំង សូមឱ្យផ្អាកការចូលនិវត្តន៍៕
ដោយ៖ពលជ័យ