បណ្ឌិត ហ៊ាង គឹមស្រឿន៖ ការឃោសនាញុះញង់ឱ្យប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៌គឺជាការឆោតល្ងង់បំផ្លាញជាតិ បំផ្លាញខ្លួនឯង
បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា សង្គមមួយនិយាយស្រួល តែអនុវត្តពិបាក គ្រឹះរដ្ឋទាមទារឯកភាពជាតិជាធំ សាមគ្គីភាពជាវត្ថុបំណង ដែលខ្មែរត្រូវរួមគ្នាជាធ្នុងមួយ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេស ដោយមិនធ្លាក់ចូលមនោគមនយោបាយបរទេស ដែលជាហេតុបែកបាក់ជាតិ។ សិទ្ធិបញ្ចេញមតិឋិតក្នុងក្របខណ្ឌច្បាប់ ធ្វើយ៉ាងណាក្នុងនាមអ្នកនយោបាយរិះគន់ក្នុងន័យស្ថាបនា ជួយឃ្លាំមើល ពិនិត្យភាពកង្វះខាតគ្រប់គ្រងរបស់គណបក្សជាប់ឆ្នោត ក៏ដូចជាការអនុវត្តមន្ត្រីថ្នាក់ក្រោមជាតិ ផ្តល់មតិ លើកជាមតិជូនរដ្ឋាភិបាលជាប់ឆ្នោត ដើម្បីរកវិធីដោះស្រាយជាជំហ៊ាន។
លោកបន្តថា ធ្វើយ៉ាងណាអ្នកនយោបាយជៀសឱ្យផុតការជាន់ដានប្រវត្តិសាស្ត្រ គឺសារនយោបាយបញ្ឆេះកំហឹងយកព្រំដែនជាដើមចមបំបែកបំបាក់ជាតិ និងកុំធ្វើនយោបាយបែបកំហឹងបុគ្គល ព្រោះបុគ្គលនីមួយៗត្រូវបានគាំពារដោយច្បាប់។ ករណីរឿងហេតុធ្វើការឃោសនាញុះញង់ឱ្យប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល គឺសកម្មភាពទាំងនេះជាការឆោតល្ងង់បំផុត ព្រោះវាជាចេតនាបំផ្លាញជាតិ បំផ្លាញខ្លួនឯង និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋទៅវិញទេ។
ប្រភពដដែលបន្តទៀតថា ខ្មែរធ្លាក់ទៅក្នុងសង្គ្រាមក៏ដោយសារខ្មែរគ្នាយកឈ្នះមិនលែង យកគំនុំបុគ្គលធំជាងជាតិ ធ្វើនយោបាយប្រាប់បរទេសផ្តាច់ជំនួយឱ្យប្រជាពលរដ្ឋធ្លាក់ទៅក្នុងភាពក្រីក្រ ដើម្បីជាឱកាសបញ្ចេញសារនយោបាយភូតពលរដ្ឋថា រដ្ឋាភិបាលជាប់ឆ្នោតគ្មានសមត្ថភាព។ នយោបាយបែបនេះដូចដដែលៗពេកហើយសម្រាប់ខ្មែរ បើឈប់បានឈប់ទៅ ព្រោះការកសាងគ្រឹះរដ្ឋមួយឱ្យដំណើរការទៅបានចាមិនងាយស្រូលទេ វាត្រូវការបំពាក់បំប៉នជំនាញនៅតាមការងារអនុវត្តនីមួយៗ និងបូករួមកំណែទម្រង់មូលធនមនុស្សទៅតាមបរិបទការងារកម្ពុជា និងពិភពលោកផងដែរ។
មេបក្សរូបនេះលើកឡើងថា ប្រវត្តិខ្មែររលាយគ្រឹះរដ្ឋគ្មានសល់ សាធារណរដ្ឋខ្មែរដណ្តើមអំណាច កម្ទេចរាជានិយម ខ្មែរក្រហមបានអំណាច កម្ទេចរបបសាធារណរដ្ឋខ្មែរ ថាតើខ្មែរព្យាយាមកម្ទេចខ្មែរដល់ណាទៀត។ បើនិយាយពីប្រវត្តិសាស្ត្រ ខ្មែរឈ្លោះគ្នាម្តង ខ្មែរស្លាប់បាត់ទឹកដីម្តង អ្នកនយោបាយល្មមឈ្វេងយល់ពីពីខ្មែរ សួរថាចង់ឱ្យខ្មែរស្លាប់ហិនហោចប៉ុន្មានជំនាន់តទៅមុខទៀត៕
ដោយ៖ពលជ័យ