កម្ពុជា-អូស្ត្រាលី ប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន ដើម្បីជំរុញភាពជាដៃគូដ៏រឹងមាំ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន ដើម្បីជំរុញភាពជាដៃគូដ៏រឹងមាំ សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្កនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងអូស្ត្រាលី ដោយភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវភាពជាដៃគូដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នាចំពោះការរីកចម្រើន និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដែលបានកត់សម្គាល់ទំនាក់ទំនងទ្វេភាគី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏យូរអង្វែងរបស់អូស្ត្រាលីសម្រាប់កម្ពុជា ដោយបានរំលេចពីតួនាទី ដ៏សំខាន់របស់អូស្ត្រាលី ក្នុងនៅក្នុងវិស័យជាច្រើន ដូចជា ការកសាងសមត្ថភាព ការអភិវឌ្ឍសង្គម និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានចែករំលែកអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាក្របខណ្ឌដ៏សំខាន់ ក្នុងគោលដៅអភិវឌ្ឍន៍ជាតិផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner