ផ្លូវកា្រលខ្សាច់ភ្នំ និងល្បាយក្រួសពីរខ្សែប្រវែងជាង១៦គីឡូម៉ែត្រ នៅខេត្តស្វាយរៀងបានទទួលការវាយតម្លៃ
ស្វាយរៀង៖ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីបច្ចេកទេសចុះពិនិត្យវាយតម្លៃគម្រោងថែទាំខួបឆ្នាំ២០២៤ ជាផ្លូវកា្រលខ្សាច់ភ្នំ និងល្បាយក្រួសចំនួនពីរខ្សែ។
លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានឱ្យដឹងថា ផ្លូវទាំងពីរខ្សែ ក្នុងនោះទី១. ផ្លូវក្រាលខ្សាច់ភ្នំ ប្រវែង ១២.០០០ម៉ែត្រ, ទទឹង ៥ម៉ែត្រ ស្ថិតនៅឃុំស្វាយជ្រំ ឃុំស្វាយយា ស្រុកស្វាយជ្រំ និងទី២. ផ្លូវក្រាលល្បាយក្រួស ប្រវែង ៤ ៦០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំម្រាម ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ។
ក្នុងឱកាសនោះពិនិត្យផ្លូវនេះដែរឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវដោយបានពនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវ និងលូនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។
សូមជម្រាបថា ផ្លូវជនបទទាំងពីរនេះ នឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ , ការទំនាក់ទំនងដឹកជញ្ជូនមកកាន់ទីផ្សារ និងទីប្រជុំនានាក្នុងខេត្ត៕
ដោយ៖នុត នាង