សិក្ខាសាលានិយាយពីការគ្រប់គ្រងទឹកស្អាតនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅចុងសប្ដាហ៍នេះបានរៀបចំសិក្ខាសាលា”ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត”ដោយមានការចូលរួមពីប្រតិបត្តិករ និងអាជ្ញាធរមូលដ្ឋានទូទាំងខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
បើតាមឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បញ្ជាក់ថា នេះជាសិក្ខាសាលាលើក ដំបូងសម្រាប់ខេត្តបន្ទាយមានជ័យ។សិក្ខា
សាលាមានគោលបំណងដើម្បីជួបជុំជាមួយភាគីពាក់ព័ន្ធ ហើយផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។ឯកឧត្តមបន្តថា កន្លងមកបានផ្សព្វផ្សាយជាមួយប្រតិបត្តិករជាទ្រង់ទ្រាយធំចំនួនពីរលើក។គឺនៅខែឧសភា ឆ្នាំ២០២៣ និងនៅខែកក្កដា ឆ្នាំ២០២៤នារាជធានីភ្នំពេញ ។ចំណែកការផ្សព្វផ្សាយលើកនេះ គឺនៅថ្នាក់ក្រោមជាតិ ដែលចាប់ផ្តើមចេញពីខេត្តបន្ទាយមានជ័យ។ការផ្សព្វផ្សាយនេះ ដើម្បីឱ្យអាជ្ញាធរឃុំ សង្កាត់ ស្រុក ក្រុង មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងប្រតិបត្តិករទឹកស្អាត ដែលមានមូលដ្ឋានអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តបន្ទាយមានជ័យយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីសមត្ថកិច្ច, សិទ្ធិ និងកាតព្វកិច្ចទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់, រួមទាំងការដោះស្រាយវិវាទ និងទោសប្បញ្ញត្តិដែលត្រូវបានកំណត់ដោយច្បាប់។
នៅខេត្តបន្ទាយមានជ័យ មានក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ទឹកស្អាតចំនួន ៣០ កន្លែង ។នេះបើតាមការឱ្យដឹងពីលោក ញិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត។លោកបានបន្តថា ឆ្នាំ២០២៤ ការផ្គត់ផ្គង់ទឹកស្អាតបានប្រព្រឹត្តទៅតាមប្រព័ន្ធបណ្តាញទុយោនៅ៥៩ឃុំ សង្កាត់ ស្មើនឹង៥២៣ ភូមិ។ប្រជាពលរដ្ឋ បានប្រើប្រាស់ទឹកស្អាតមានចំនួន៦៧.៥៩៧នាឡិកា។បរិមាណទឹកផលិតបានជាង ១,៦លានម៉ែត្រគូបក្នុងមួយខែជាមួយនឹងបរិមាណទឹកលក់បានជាង១,៣លានម៉ែត្រគូប ក្នុងមួយខែ។ការផ្គត់ផ្គង់ទឹកមានមកពីប្រភពផ្សេងៗ ដូចជាគម្រោងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍន៍។
ដោយផ្អែកលើ់មូលដ្ឋានច្បាប់ដែលបានផ្សព្វផ្សាយ លោក លី សុវណ្ណារិទ្ធ អភិបាលរខេត្តបន្ទាយមានជ័យ បានណែនាំបន្ថែម ដល់អាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករទឹកស្អាតត្រូវសហការគ្នាលើការកំណត់ទីតាំងធ្វើអាជីវកម្មបានច្បាស់លាស់ ។ ក្រុមហ៊ុនទឹកស្អាតនីមួយៗត្រូវបន្តបំពេញបែបបទច្បាប់ និងការផលិតទឹកស្អាតប្រកបដោយស្តង់ដារបច្ចេកទេស ធានាបាននូវទឹកប្រើប្រាស់គ្រប់គ្រាន់មិនប៉ះពាល់សុខុមាលភាពអ្នកបានប្រើប្រាស់ទឹក៕
ដោយ៖ គៀន ច័ន្ទហ៊ីន