រដ្ឋមន្រ្តីសុខាភិបាល ៖ «សូមបង្កើនការផ្សព្វផ្សាយទៅលើបណ្តុំមនុស្ស សាលារៀន សហគមន៍ អំពីការបង្ការ និងប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែម»
(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត»។
សន្និសីទនាពេលនេះ បានបង្កើតជាវេទិកាដ៏មានសារៈសំខាន់មួយ ដែលបានចូលរួមពិគ្រោះ ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកឱ្យគ្នាទៅវិញទៅមកនូវចំណេះដឹង សំដៅស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅពីសកម្មភាពអនុវត្តវេជ្ជសាស្ត្រថ្មីៗ និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល ដែលមន្ត្រីសុខាភិបាលគ្រប់រូប ត្រូវមានមូលដ្ឋានចំណេះដឹងសម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន និងអាចចាប់យកឱកាស និងបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព មានទំនួលខុសត្រូវ និងប្រកបដោយមនសិការវិជ្ជាជីវៈ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំសមាជិក សមាជិកា សមាគមន៍បច្ចេកវិទ្យាជំងឺទឹកនោមផ្អែម នៅក្នុងរាជធានីភ្នំពេញ និងនៅកម្ពុជា សូមបន្តកិច្ចសហការ និងគាំទ្របន្ថែមទៀត ក្នុងការអភិវឌ្ឍអប់រំ ការបណ្តុះបណ្តាលនៅក្នុងវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ គាំទ្រគ្រប់សមាគមន៍ទាំងឡាយ ដែលមានអ្នកជំនាញ ពាក់ព័ន្ធក្នុងវិស័យរបស់ខ្លួន ដោយត្រូវអញ្ជើញចូលរួម ដើម្បីជាការផ្តល់តម្លៃដល់ស្ថាប័ន និងការឈានដល់ការចែករំលែកនូវបទពិសោធន៍ដល់អង្គពិធីផងដែរ ។
ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ រយៈពេល ១ថ្ងៃពេញ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ជាក្រុមគ្រូពេទ្យជំនាញ និងវាគ្មិន ជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រៅប្រទេស សឹង្ហបុរី ឥណ្ឌា និងស្រីលង្កា ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ