ឯកឧត្តម អ៊ូ រតនា៖ កីឡាជាតិលើកទី៤នេះប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ
(ភ្នំពេញ)៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាម បានថ្លែងគូសបញ្ជាក់ថា កីឡាជាតិលើកទី៤ ដែលដំណើរការប្រកួតអស់រយៈពេល៤ថ្ងៃកន្លងមកនេះ សម្រាប់កីឡាវ៉ូវីណាម គឺបានបញ្ចប់ដោយជោគជ័យ ពុំមានអ្វីបង្កជាកំហុសនៅក្នុងបច្ចេកទេសការប្រកួតឡើយ ពោលទាំងអស់នេះ គឺដោយសាសហព័ន្ធបានធ្វើការបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស ចៅក្រុមអាជ្ញាកណ្តាលមុនការប្រកួត ដែលជួយឱ្យការកាត់សេចក្តីត្រឹមត្រូវតាមស្តង់ដារជំនាញវិជ្ជាជីវៈ។
ឯកឧត្តមថា អ្វីជាលទ្ធផលបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃមកនេះ វាជាចំណុចវិជ្ជាមានមួយដែលសហព័ន្ធចង់បាន ព្រោះ វាបបានឆ្លុះបញ្ចាំងឱ្យឃើញថា ចំណេះជំនាញមន្រ្តីចៅក្រមអាជ្ញាកណ្តាលរបស់យើងឈានឡើងទៅមួយកម្រិតទៀត។
ឯកឧត្តម ប្រធានសហព័ន្ធបានសង្កាត់ធ្ងន់ទៀតថា សម្រាប់សិទ្ធិផលកីឡាករកីឡាការិនីចូលរួមប្រកួត គឺមានការរីកចំរើនខ្លាំង ដោយកីឡាករកីឡាការិនីថ្មីៗមួយចំនួនមានលទ្ធភាពអាចប្រជែងឈ្នះកីឡាករចាស់ៗដែលចេញមកពីថ្នាលជំនាន់មុនផងដែរ។ទាំងអស់នេះបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងក្នុងការវិវឌ្ឍសមត្ថភាពរបស់វយុជន ។
ឯកឧត្តម ប្រធានសហព័ន្ធ សង្ឈឹមយ៉ាងមុតមាំថា យុវជនវ៉ូវីណាមទាំងអស់និងបន្តធ្វើបានល្អបន្ថែមទៀត ទាំងការហ្វឹកហាត់ និងការវិវឌ្ឍសមត្ថភាពប្រកួតក្នុងឆាកជាតិនិងអន្តរជាតិនៅពេលអនាគត។
ឯកឧត្តម ម៉ុង គឹមហេង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រធានកិត្តិយស សហព័ន្ធកីឡាវ៉ូវីណាម បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ដែលបានខិតខំរៀបចំការប្រកួតនេះឡើងដោយទទួលបានលទ្ធផលល្អ នឹងទទួលបានជោគជ័យ នឹងវិស័យឯកជន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡារបស់យើង បន្ថែមពីលើអ្វីដែលក្រសួងអប់រំ យុវជន និង កីឡា បាននឹងខិតខំជួយដល់សហព័ន្ធកីឡាជាតិនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។
ឯកឧត្តម ប្រធានកិត្តិយស ក៏បានកោតសសើរវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ ឯកឧត្តម/លោកជំទាវ លោក/លោកស្រី អនុប្រធានកិត្តិយស សមាជិកគណៈកម្មការប្រតិបត្តិ ទីប្រឹក្សាសហព័ន្ធ មន្ត្រីបច្ចេកទេស កីឡាករ ជម្រើសជាតិរបស់យើង ដែលតែងតែសាមគ្គីគ្នា ស្រាក់ដៃគ្នា ប្រឹងប្រែងធ្វើការ និងហ្វឹកហាត់ ដោយទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់នេះផងដែរ។
កំណើននៃកីឡាករ កីឡាការិនី និងក្លឹប ដែលបានចូលរួមប្រកួតនាឆ្នាំនេះ ពិតជាបង្ហាញនូវចំណុចវិជ្ជមាន សម្រាប់ប្រភេទកីឡាវ៉ូវីណាម ឆ្ពោះទៅថ្ងៃអនគត។
ឯកឧត្តម លី ចាន់សុភក្តី អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាម បានបញ្ជាក់ឱ្យដឹងថា កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ វិញ្ញាសាកីឡាវ៉ូវីណាម បានចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០២៤ មានក្រសួង រាជធានី ខេត្ត ចំនួន ៩ ចូលរួមប្រកួត មានដូចជា៖ ក្រសួងមហាផ្ទៃ, ក្រសួងការពាតជាតិ, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តប៉ៃលិន, ខេត្តត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង និង ខេត្តសៀមរាប ប្រតិភូចូលរួម ១២រូប គ្រូបង្វឹក ១៨រូប កីឡាករ ៥១នាក់ កីឡាការិនី ៤០នាក់ សុរបចំនួន ១២១រូប ជាចំនួនលើសពីកីឡាជាតិលើកទី៣ ។ វិញ្ញាសា ដែលបានដាក់ឲ្យចូលរួមមានចំនួន ១៥វិញ្ញាសា ក្នុងនោះវិញ្ញាសាសម្ដែង ៨ប្រភេទ វិញ្ញាសាប្រយុទ្ធមាន ៧ប្រភេទទម្ងន់ ។
ជាលទ្ធផថត ចំពោះជ័យលាភីលើ១៥វិញ្ញាសា រួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្រសួងមហាផ្ទៃ មេដាយមាស៦ ប្រាក់៤ និងសំរឹទ្ធ២ (សរុប ១២គ្រឿង), លេខ២ ក្រសួងការពារជាតិ មេដាយមាស៦ ប្រាក់ ៣ និងសំរឹទ្ធ១ លេខ៣ ខេត្តសៀមរាប មេដាយមាស ២ ប្រាក់ និងសំរឹទ្ធ៣ និងលេខ៤ ខេត្តស្ទឹងត្រែង មេដាយមាស១ និងសំរឹទ្ធ២ ខណៈខេត្តមួយចំនួនទៀតទទួលបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ និងឈរនៅលេខរៀងបន្តបន្ទាប់៕
ដោយ ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ