ប្រធាន NOCC សង្ឃឹមថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍នេះនឹងត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដើម្បីបន្តនិរន្តរភាពក្នុងការអភិវឌ្ឍ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នាពេលនេះ គឺពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាពថ្មីបន្ថែមទៀត ក្នុងការជំរុញលើកកម្ពស់ និងអភិវឌ្ឍកីឡាហែលទឹកពាក់ជើងទានៅអាស៊ីអាគ្នេយ៍។
ឯកឧត្តមបណ្ឌិត ថោង ខុន ថ្លែងលើកឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកការប្រកួតកីឡាហែលទឹកពាក់ជើងទា ជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ។
ប្រធាន NOCC បានសង្កត់ធ្ងន់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំធ្វើជាម្ចាស់ផ្ទះការរៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នាពេលនេះ ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់នៅអាស៊ីអាគ្នេយ៍ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមពល និងទស្សនវិស័យទំនើបជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះវិស័យកីឡានៅតែជាវិស័យអាទិភាព និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍគុណភាពមូលធនមនុស្ស និងលើកកម្ពស់កិត្យានុភាពជាតិជាមួយនឹងការបន្តជំរុញយុទ្ធនាការជាតិ “យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។
ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ (World Underwater Federation) និងសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ (Southeast Asian Underwater Federation) ដែលបានសម្រេចជ្រើសយកកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតលើកដំបូង និងផ្តល់ការគាំទ្រ និងសហការបច្ចេកទេស ដើម្បីឱ្យដំណើរការរៀបចំការប្រកួតនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមបទប្បញ្ញត្តិ និងបញ្ជាបចេ្ចកទេសរបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ»។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍បន្ថែម។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានកោតសរសើរចំពោះសហព័ន្ធខ្មែរកីឡាហែលទឹកក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍ លើកដំបូង និងបានខិតខំអភិវឌ្ឍគុណវុឌ្ឍិកីឡាហែលទឹកពាក់ជើងទារហូតដណ្តើមបានមេដាយជាច្រើនក្នុងការប្រកួតកម្រិតអន្តរជាតិ។
ប្រធាន NOCC សង្ឃឹមថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍នេះនឹងត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដើម្បីបន្តនិរន្តរភាពក្នុងការអភិវឌ្ឍ គុណផលអត្តពលិកហែលទឹកពាក់ជើងទានៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕
ថត ៖ ដោយ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ