មេដឹកនាំកំពូលអ៊ីរ៉ង់ប្តេជ្ញាសងសឹកសត្រូវវាយប្រហារអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត
តេហេរ៉ង់ : មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្តេជ្ញាកាលពីថ្ងៃសៅរ៍ថា នឹងសងសឹកអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលបានវាយប្រហារប្រឆាំងនឹងទីក្រុងតេហេរ៉ង់ និងក្រុមសកម្មប្រយុទ្ធ ដែលខ្លួនគាំទ្រនៅក្នុងតំបន់។
លោក Khamenei បាននិយាយនៅឯពិធីជួបជុំនិស្សិតនៅទីក្រុងតេហេរ៉ង់ ថា សត្រូវ ទាំងសហរដ្ឋអាមេរិក និងរបប Zionist (អ៊ីស្រាអែល) គួរតែដឹងថា ពួកគេពិតជានឹងទទួលការសងសឹកយ៉ាងចាស់ដៃ ចំពោះអ្វីដែលពួកគេកំពុងធ្វើប្រឆាំងនឹងអ៊ីរ៉ង់ ប្រជាជាតិអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធភាពរបស់អ៊ីរ៉ង់ រួមមានក្រុមហ៊ូទី របស់ យេម៉ែន ក្រុម ហេសបូឡា របស់លីបង់ និង ក្រុមហាម៉ាស់ របស់ប៉ាឡេស្ទីន។
ការអះអាងបែបនេះរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ កើតឡើងចំពេលដែលអាមេរិកបានប្រកាសដាក់ពង្រាយកម្លាំងយោធាបន្ថែមទៅកាន់មជ្ឈិមបូព៌ា រួមទាំងនាវាពិឃាតការពារមីស៊ីលផ្លោង និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 ដើម្បីជាសារព្រមានដល់ប្រទេសអ៊ីរ៉ង់។
ជាមួយគ្នានេះ ក្រុមហេសបូឡាក៏បាននិយាយដែរថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតលើមូលដ្ឋានចារកម្មអ៊ីស្រាអែល នៅជិតទីក្រុង Tel Aviv កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ម្សិលមិញ។
ក្រុមហេសបូឡា និងអ៊ីស្រាអែលបានផ្លាស់ប្តូរការបាញ់គ្នាឆ្លងព្រំដែនអស់រយៈពេលជិតមួយឆ្នាំ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ របស់ពួកហាម៉ាសលើអ៊ីស្រាអែល បានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា មុនពេលអ៊ីស្រាអែលបានបង្កើនជម្លោះនៅថ្ងៃទី២៣ ខែកញ្ញា៕
ប្រភព : AFP ប្រែសម្រួល : ឈឹម ទីណា