ជប៉ុនជំរុញឲ្យមនុស្ស ២០ម៉ឺននាក់រត់រកទីទួលសុវត្ថិភាពគេចពីទឹកជំនន់

តូក្យូ : ប្រទេសជប៉ុនជំរុញឱ្យប្រជាជនជិត ២០០,០០០នាក់នៅភាគខាងលិច ជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាបន្ទាន់ កាលពីថ្ងៃសៅរ៍ ខណៈដែលអាជ្ញាធរបានព្រមានពីការរអិលបាក់ដី និងទឹកជំនន់ បង្កឡើងពីព្យុះត្រូពិច។

ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា ខ្យល់ក្តៅ និងសំណើមបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងផ្គររន្ទះនៅភាគខាងលិចប្រទេសជប៉ុន មួយផ្នែកដោយសារតែឥទ្ធិពលព្យុះទីហ្វុងកងរី។

ទន្ទឹមនេះ ទីក្រុង Matsuyama បានចេញការព្រមានកម្រិតកំពូល ដោយជំរុញឱ្យអ្នកស្រុកប្រមាណ ១៨៩,៥៥២នាក់នៅក្នុងស្រុកចំនួន១០ របស់ខ្លួនជម្លៀសខ្លួនចឹញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ ដើម្បីសុវត្ថិភាព។

ក្រុមអ្នកព្យាករណ៍ព្រមានថា ការរអិលបាក់ដី និងទឹកជំនន់អាចប៉ះពាល់ដល់ភាគខាងលិចប្រទេសជប៉ុននៅថ្ងៃសៅរ៍ និងភាគខាងកើតប្រទេសជប៉ុននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ដោយសារតែភ្លៀងធ្លាក់ខ្លាំង រថភ្លើង shinkansen បានផ្អាកសេវាកម្មមួយរយៈពេលខ្លីរវាងទីក្រុងតូក្យូ និងតំបន់ Fukuoka ភាគខាងត្បូងនៅពេលព្រឹកថ្ងៃសៅរ៍ មុនពេលចាប់ផ្តើមឡើងវិញតាមកាលវិភាគដែលបានពន្យារពេល។

ព្យុះទីហ្វុង កងរី បានវាយលុកកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ គឺជាព្យុះដ៏ធំបំផុតមួយដែលបានវាយប្រហារកោះនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍។ វាបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២នាក់ និងបានកាត់ផ្តាច់ចរន្តអគ្គិសនីលំនៅដ្ឋានប្រជាជនរាប់ម៉ឺនគ្រួសារ៕

ប្រភព : AFP ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner