ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ សន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី បានជំរុញឱ្យការរស់នៅប្រកបដោយសន្តិភាវូបនីយកម្មរបស់មនុស្ស និងធម្មជាតិ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីរាត្រីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ។

នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាកិច្ចប្រជុំកំពូលអង្គការសហប្រជាតិស្តីពីជីវៈចម្រុះលើកនេះ បានបន្តការពិនិត្យពិភាក្សាលើគោលនយោបាយនិងផែនការសកម្មភាព ដែលផ្តោតលើការធ្វើឱ្យមានសន្តិភាវូបនីយកម្ម របស់មនុស្សជាមួយនឹងធម្មជាតិ ក៏ដូចជាជួយជំរុញការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត រវាងមនុស្ស និងធម្មជាតិ កាន់តែប្រសើរឡើង។
 
ឯកឧត្តមបណ្ឌិត បានបន្តថា ដើម្បីទទួលបាននូវសន្តិភាវូបនីយកម្មរវាងប្រជាជន និងធម្មជាតិ ដាច់ខាតប្រទេសភាគីនីមួយៗ ត្រូវការពារ ថែរក្សា អភិរក្ស និងពង្រីកជីវៈចម្រុះ សំរាប់ប្រទេសនីមួយៗ ដោយធ្វើយ៉ាងណាប្រើប្រាស់ធនធានជីវៈចម្រុះ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា គោលដៅសំខាន់មួយទៀត នៃកិច្ចប្រជុំនេះ គឺបានគៀរគរថវិកា ដើម្បីយកមកថែរក្សាអភិរក្ស និងពង្រីកផ្ទៃដីនៃការគ្រប់គ្រងជីវរៈចម្រុះ នៅតាមប្រទេសនីមួយៗ ហើយជាពិសេស រាប់យកទៅជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍។

ក្នុងនាមជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានឡើងថ្លែងនូវសុន្ទរកថានៅចំពោះមេដឹកនាំពិភពលោក ដែលបានឆ្លុះបញ្ចាំងអំពី «យុទ្ធសាស្ត្របញ្ចកោណ  ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏បានលើកឡើងនូវការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាយុទ្ធសា្រស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីៈចម្រុះ និងយុទ្ធសាស្រ្តដ៏ទៃទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចុះសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល រួមជាមួយនិងសកម្មភាពផ្សេៗទៀត ដែលបានធ្វើ និងកំពុងធ្វើ នោះគឺ ការពង្រីកវិសាលភាពគម្របព្រៃឈើ តាមរយៈការដាំឈើយ៉ាងតិច១លានដើមនៅក្នុង១ឆ្នាំ ការចែកជូនកូនឈើ ជូនប្រជាពលរដ្ឋទៅដាំ ដោយឥតគិតថ្លៃ ក៏ដូចជាការរៀបចំថ្នាលបណ្តុះកូនឈើ ដើម្បីពង្រីកការដាំដើមឈើនៅកម្ពុជា។

យោងតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី អ្វីដែលក្រសួងបរិស្ថានកម្ពុជាកំពុងអនុវត្តនាពេលបច្ចុប្បន្ន គឺស្របទៅតាមអង្កការសហប្រជាតិចង់បាន នោះគឺការការពារ និងអភិរក្ស ថែរក្សា ធនធានធម្មជាតិ ដោយធ្វើយ៉ាងណាឱ្យការរស់នៅរបស់មនុស្ស មានភាពសុខដុមរមនាជាមួយធម្មជាតិ។

នៅក្នុងអំឡុងពេលស្នាក់នៅ និងអញ្ជើញចូលរួមប្រជុំ ប្រតិភូកម្ពុជាបានធ្វើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសម្ចាស់ផ្ទះ ក៏ដូចជាភាគីប្រទេសនានាបានចំនួន១២ ប្រទេស និងជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា គណៈប្រតិភូកម្ពុជា បានទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិកាពីដៃគូគួរជាទីគាប់ចិត្ត ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កម្ពុជាសម្រេចបានសមិទ្ធផល ដែលបានចូលរួមចំណែកក្នុងស្តារ ការពារនិងអភិរក្ស ពង្រីកវិសាលភាពការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិរបស់កម្ពុជា ទទួលបានកិត្យានុភាពជាតិ លើឆាកអន្តរជាតិ នៅពេលធ្វើឱ្យពិភាពលោក បានយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ដើម្បីភាពស្អាត ភាពបៃតង និងជំរុញលើការងារជីវៈចម្រុះសកល រួមទាំងតម្រូវការមធ្យោបាយធនធានដើម្បីគាំទ្រ និងធានាបាននូវប្រសិទ្ធភាព ក្នុងពេលអនុវត្តសំដៅឈានឆ្ពោះ ទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងចក្ខុវិស័យឆ្នាំ២០៥០ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner