រដ្ឋមន្ដ្រីកសិកម្មអញ្ជើញចែកស្រូវពូជជិតបីរយតោន ជូនដល់កសិករចំនួនជិតបីពាន់គ្រួសារនៅខេត្តកំពង់ចាម
ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញ ចុះចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងឱកាសចែកពូជស្រូវនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មឌិត ទីណា បាននាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។
ឯកឧត្តមរដ្ឋមន្រ្តីរំលឹកដល់កសិករថា ការទទួលស្តាប់នូវយោបល់ណែនាំ និងសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺពិតជាមានសារៈសំខាន់ ដើម្បីដឹងពីការព្យាករណ៍ធាតុអាកាស បម្រែបម្រួលអាកាសធាតុ កាត់បន្ថយនូវផលប៉ះពាល់ ដោយមិនប្រថុយធ្វើស្រែទាំងមានហានិភ័យ និងមានការប្រុងប្រយ័ត្នខ្ពស់។
ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមដាំនូវពូជស្រូវសែនក្រអូប ដែលជាពូជស្រូវកម្ពុជា មានគុណភាពល្អ មានទីផ្សារលក់បានថ្លៃ និងត្រៀមអ្នកទទួលទិញផងដែរ ប្រការសំខាន់ត្រូវមានការផលិតជាលក្ខណៈសហគមន៍កសិកម្មទំនើប ដែលមានបច្ចេកទេសត្រឹមត្រូវ មានផែនការច្បាស់លាស់ មានធនធានមនុស្ស និងទុនគ្រប់គ្រាន់។
សូមបញ្ជាក់ជូនថា ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានចែកស្រូវពូជចំនួន ២៩៨.៦តោន ជូនដល់កសិករចំនួន ២ ៩៨៦គ្រួសារ ទូទាំងខេត្តខេត្តកំពង់ចាម៕
ប្រភព៖ក្រសួងកសិកម្ម