ពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» និងពិធីដាំកូនឈើរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នៅបរិវេណខាងកើតប្រាសាទបន្ទាយប្រីនៃរមណីយដ្ឋានអង្គរកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រារព្ធពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» ព្រមទាំងពិធីដើមឈើ រួមគ្នាចំនួន២ ០០០ដើម ជានិមិត្តរូប បង្ហាញឱ្យឃើញពីស្មារតីចូលរួមគាំពារ និងថែរក្សា អភិរក្សបរិស្ថានរវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB)។
ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម សាហារ៉ូឌិន អន( Shaharuddin On) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរ និងបុគ្គលិកធនាគាស៊ីអាយអិមប៊ី យ៉ាងច្រើនកុះករ។
មានប្រសាន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានស្វាគមន៍ចំពោះវិស័យឯកជននានា ដែលមានបំណងចង់ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពដាំដើមឈើឡើងវិញ ដើម្បីបរិស្ថាន និងការពារប្រាសាទបុរាណ។ ឯកឧត្តមបានបញ្ជាក់អំពីសារៈសំខាន់មួយចំនួននៃដើមឈើចំពោះបរិស្ថាន សុខភាពមនុស្សនិងសត្វ ក្រៅពីនោះដើមឈើដែលមានវត្តមាននៅរមណីយដ្ឋានអង្គរ ក៏បានដើរតួនាទីសំខាន់ក្នុងការការពារទៅដល់ប្រាសាទបុរាណ ឱ្យចៀសផុតពីហានិភ័យនានា។ ហេតុដូច្នេះ ចាប់តាំងពី២០០៤មក អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ និងរៀបចំផែនការដាំដុះដើមឈើវិញជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។
លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី បានបញ្ជាក់ថា ធនាគាស៊ីអាយអិមប៊ី ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ជាអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាព ការពារ អភិរក្ស និងថែរក្សាបរិស្ថាន។ លោកថា គិតចាប់ពីឆ្នាំ២០២០មក នេះជាលើកទី៣ហើយ ដែលធនាគាស៊ីអាយអិមប៊ី បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើឡើងវិញក្នុងរមណីយអង្គរ ព្រមទំាងបង្កើតឱ្យមានគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង លើការដាំ និងថែរក្សាដើមឈើ រយៈពេលយូរអង្វែង៕
ដោយ៖ម៉ា ដេប៉ូ