យុវតី គឹម យ៉េកហ៊ាង សិស្សនិទ្ទេស អេ ដែលមានជីវភាពលំបាកបានទទួលអាហារូបករណ៍និងម៉ូតូពីរដ្ឋមន្រ្តីទេសចរណ៍និងអភិបាលខេត្តកំពង់ចាម
កំពង់ចាម៖ដោយទទួលនូវការយកចិត្តទុកដាក់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម យុវតី គឹម យ៉េកហ៊ាង ដែលទើបប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស អេ(A) ហើយរស់នៅក្នុងគ្រួសារមានជីវភាព
លំបាកបានទទួលនូវការឧបត្ថម្ភម៉ូតូមួយគ្រឿង និងផ្ដល់អាហារូបករណ៍មួយកន្លែងដល់យុវតីរូបនេះ។
យុវតី គឹម យ៉េកហ៊ាង រស់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងរៀននៅវិទ្យាល័យហ៊ុនសែនមេសរជ្រៃ។ទោះបីជាមានជីវភាពគ្រួសារខ្វះខាត តែយុវតីបានខិតខំសិក្សារហូតទទួលបានលទ្ធផលល្អ គឺការប្រឡងសញ្ញាបត្រមធ្យមសិក្សា
ទុតិយភូមិសម័យប្រឡងថ្ងៃ៨តុលាកន្លងទៅនេះ ជាប់និទ្ទេសអេ ក្នុងចំណោមបេក្ខជននិទ្ទេស អេ ជាងពីរនាក់។ប៉ុន្តែដោយសារជីវភាពខ្វះខាតខ្លាំងយុវតី គឹម យ៉េកហ៊ាង មិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
រឿងរ៉ាវនេះត្រូវបានលាតត្រដាងលើបណ្ដាញសង្គម ។បន្ទាប់ពីឃើញព័ត៌មាននៅលើបណ្ដាញសង្គមកាលថ្ងៃសៅរ៍ទី២ ខែវិច្ឆិកា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានចុះទៅមើលស្ថានភាពពិតដល់ផ្ទះរបស់យុវតី គឹម យ៉េកហ៊ាង និងបានជួបសំណេះសំណាល និងលើកទឹកចិត្តដល់យុវតីរូបនេះឱ្យតាំងចិត្តបន្តការសិក្សាទៅមុខទៀត ពិសេសថ្នាក់ដឹកនាំទាំងពីរបានឧបត្ថម្ភម៉ូតូមួយគ្រឿង និងផ្ដល់អាហារូបករណ៍មួយកន្លែងដល់យុវតី ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា៕
ដោយ៖លី ពៅ