អេស្ប៉ាញបញ្ចេញទាហាន និងប៉ូលិស ១ម៉ឺននាក់ ជួយតំបន់រងគ្រោះទឹកជំនន់

ម៉ាឌ្រីដ : នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស បានបញ្ជាឱ្យទាហានចំនួន ៥,០០០នាក់ រួមទាំងប៉ូលិស និងឆ្មាំស៊ីវិលចំនួន ៥,០០០នាក់ទៅកាន់តំបន់វ៉ាលែនសៀ ខណៈដែលអ្នកស្រុករិះគន់អាជ្ញាធរក្នុងតំបន់ ជុំវិញការឆ្លើយតបយឺតយ៉ាវរបស់ពួកគេ ចំពោះគ្រោះទឹកជំនន់ដ៏មហន្តរាយ។

លោក សាន់ឆេស បន្តថា ការដាក់ពង្រាយនេះ គឺធំជាងគេបំផុតសម្រាប់អេស្ប៉ាញ នៅក្នុងពេលប្រទេសជាតិមានសន្តិភាព ដើម្បីឆ្លើយតបទៅនឹងទឹកជំនន់ដ៏អាក្រក់បំផុតមួយនៅក្នុងទ្វីបអឺរ៉ុបក្នុងសតវត្សរ៍នេះ។

លោក សាន់ឆេស និយាយថា មនុស្សចំនួន ២១១នាក់ហើយបានស្លាប់ ហើយតួលេខនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត។ លោក សាន់ឆេស ប្តេជ្ញាថា រដ្ឋាភិបាលរបស់គាត់នឹងធ្វើការដោយមិនចេះនឿយហត់ រហូតជំនួយទៅដល់ដៃមនុស្សគ្រប់គ្នា ហើយជីវិតរបស់ប្រជាជនវិលទៅរកភាពប្រក្រតីវិញ ដោយលោកបានអំពាវនាវឱ្យមានឯកភាពជាតិ។

បើតាមនាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ អាជ្ញាធរបានស្ដារចរន្តអគ្គិសនីដល់ផ្ទះជាង ៩០%ហើយ ហើយក៏បានតភ្ជាប់ខ្សែទូរស័ព្ទជិតពាក់កណ្ដាលឡើងវិញផងដែរ។ យ៉ាងណា អាជ្ញាធរមូលដ្ឋានកំពុងប្រឈមមុខនឹងការរិះគន់ ជុំវិញល្បឿន ឆ្លើយតប និង កង្វះការប្រុងប្រយ័ត្ន មុនពេលកើតមានទឹកជំនន់។

ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទបណ្តាលឱ្យមានទឹកជំនន់ដ៏អាក្រក់ក្នុងពេល ៥០ឆ្នាំ ដែលបានបំផ្លាញស្ពាន និងគ្របដណ្តប់ទីក្រុងដោយដីភក់ កាត់ផ្តាច់សហគមន៍ និងធ្វើឱ្យអ្នកស្រុកគ្មានទឹក ស្បៀងអាហារ ឬអគ្គិសនី។

ការព្រមានអំពីអាកាសធាតុអាក្រក់នៅតែមាននៅភាគឦសាន និងភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ រហូតដល់ថ្ងៃអាទិត្យនេះ ខណៈដែលការព្រមានមួយទៀតត្រូវបានចេញនៅកោះ បាលៀរីច កាលពីថ្ងៃសៅរ៍៕

ប្រភព : AFP ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner