ប៉ាគីស្ថានរងការបំពុលខ្យល់ខ្ពស់បំផុតមិនធ្លាប់មាន
អ៊ីស្លាម៉ាបាដ : ទិន្នន័យពីស្ថាប័ន IQAir ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់ បានបង្ហាញថា ការបំពុលខ្យល់នៅក្នុងទីក្រុងធំទីពីររបស់ប្រទេសប៉ាគីស្ថាន គឺ ឡាហ័រ បានកើនឡើងខ្លាំងមិនធ្លាប់មានកាលពីថ្ងៃសៅរ៍ ពោលគឺប្រហែល ៤០ដងច្រើនជាងកម្រិតអាចទទួលយកបានដោយអង្គការសុខភាពពិភពលោក (WHO)។
កម្រិតនៃការបំពុល PM2.5 ដែលជាភាគល្អិតរសាត់នៅក្នុងខ្យល់បង្កគ្រោះថ្នាក់ដល់សុខភាពបំផុតនោះ បានឈានដល់កម្រិត៦១០ កើនលើសកម្រិតធម្មតាចំនួន ១៥ដង ក្នុងរយៈពេល ២៤ម៉ោង ខណៈអង្គការសុខភាពពិភពលោកចាត់ទុកថា ជាកម្រិតមិនល្អ។
សន្ទស្សន៍គុណភាពខ្យល់ដែលវាស់ស្ទង់កម្រិតនៃការបំពុលខ្យល់ក៏បានកើនឡើងដល់ ១,០៦៧ផងដែរ។ មន្ត្រីជាន់ខ្ពស់ការពារបរិស្ថាននៅទីក្រុងឡាហ័រ លោក ចាហានហ្គូ អាន់វ៉ា និយាយថា យើងមិនដែលឈានដល់កម្រិត ១,០០០ពីមុននោះទេ។
ជាច្រើនថ្ងៃមកហើយ ទីក្រុងឡាហ័រ ត្រូវបានហ៊ុំព័ទ្ធដោយផ្សែងអ័ព្ទពុល និងការបំពុលខ្យល់ ដែលបណ្តាលមកពីផ្សែងម៉ាស៊ូតកម្រិតទាប, ផ្សែងដុតដីព្រៃធ្វើកសិកម្មតាមរដូវកាល និងការចុះត្រជាក់ក្នុងរដូវរងា។
កាលពីថ្ងៃពុធសប្តាហ៍នេះ ទីភ្នាក់ងារការពារបរិស្ថានខេត្ត ក៏បានប្រកាសពីការរឹតបន្តឹងថ្មីនៅក្នុង “ចំណុចក្តៅ” ចំនួនបួននៅក្នុងទីក្រុងឡាហ័រ ផងដែរ។
ក្នុងនោះអាជ្ញាធរបានហាមឃាត់ការចរាចរណ៍ម៉ូតូកង់បីប្រើម៉ាស៊ីនម៉ាស៊ូត ខណៈដែលការិយាល័យរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន នឹងតម្រូវឱ្យបុគ្គលិកពាក់កណ្តាលធ្វើការពីផ្ទះចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ។
រីឯការងារសំណង់ក៏ត្រូវផ្អាកផងដែរ ហើយអ្នកលក់ដូរតាមដងផ្លូវ និងអាហារ ដែលតែងតែចម្អិនដោយការដុតភ្លើងចំហរ ត្រូវបិទនៅត្រឹមម៉ោង ៨យប់។
ផ្សែងអ័ព្ទពុលតែងតែគ្របដណ្តប់លើប្រទេសប៉ាគីស្ថាន ជាពិសេសក្នុងរដូវរងារ នៅពេលដែលអាកាសធាតុត្រជាក់ និងអ័ព្ទក្រាស់ កើតឡើងពីការបំភាយឧស្ម័នចេញពីឥន្ធនៈដែលមានគុណភាពអន់ ដែលប្រើបង្កើតថាមពលដល់យានយន្ត និងរោងចក្រក្នុងទីក្រុង៕
ប្រភព : AFP ប្រែសម្រួល : ឈឹម ទីណា