វិញ្ញាបនបត្រសម្គាល់អចលនវត្ថុចំនួន៣ ៧២១បណ្ណ​ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្រុងបាវិត

ស្វាយរៀង៖ឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​នៅព្រឹកថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញ​ចែកវិញ្ញាបន​បត្រ​សម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋមកពីភូមិធ្លក សង្កាត់ច្រកម្ទេស ,ភូមិប្រាសាទ សង្កាត់ប្រាសាទ និងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត​ ចំនួន៣ ៧២១បណ្ណ​ ។(

ក្នុងពិធីចែកវិញ្ញាបន​បត្រ​សម្គាល់អចលនវត្ថុ ជាងបីពាន់បណ្ណដល់ ពលរដ្ឋមកពីបីសង្កាត់ក្នុងក្រុងបាវិត ឯកឧត្តម អភិបាល​ខេត្តស្វាយរៀងបានបញ្ជាក់ទៅកាន់អ្នកចូលរួមថា ក្នុងរយៈពេល ១១ខែមកនេះ ថ្ងៃនេះគឺជាលើកទី៦ហើយដែលក្រុមការងារ​សម្រេច​បាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។គឺបានចំនួន ១៣៩ភូមិ ស្មើនឹង ១០៤.៧១០បណ្ណ និងចែកបណ្ណជូនប្រជា​ពលរដ្ឋបានប្រមាណជាង ៥ម៉ឺនបណ្ណ។ ជាមួយគ្នានេះ​ក្នុងមូលដ្ឋានក្រុងបាវិតបានដំណើរការចុះបញ្ជីដីធ្លីរួចរាល់ស្ទើរតែគ្រប់ភូមិ និងសង្កាត់ ដោយបច្ចុប្បន្នគឺនៅសល់តែមួយភូមិ ទៀតប៉ុណ្ណោះ ប៉ុន្តែក៏កំពុងបន្តចុះវាស់វែង នឹងឈានទៅបញ្ចប់នាពេល​ឆាប់ៗខាង​មុខ។

ឯកឧត្តម ប៉េង ពោធិ៍សា បានបន្ថែមថា​ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមសម្ដែងនូវការអរគុណ និងកោតសរសើរដល់​មន្ត្រី​សុរិយោ​ដីគ្រប់លំដាប់ថ្នាក់ និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញ​ការងារទាំងថ្ងៃ​ឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈ សំខាន់នេះ៕
ដោយ៖នុត នាង

ads banner