វៀតណាម៖ ជិត៣០%នៃយានជំនិះនឹងប្រើអគ្គិសនី នៅឆ្នាំ២០៣០
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ ក្រសួងដឹកជញ្ជូនវៀតណាមបានកំណត់គោលដៅថា រថយន្ត ៣០% និងម៉ូតូ ២២% នឹងដំណើរការ ដោយថាមពលអគ្គិសនី នៅឆ្នាំ២០៣០ នេះបើតាម VNexpress នៅថ្ងៃចន្ទនេះ។
ក្រសួងថា នេះគឺជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយនានា ដើម្បីសម្រេចបាននូវគោលដៅ កាត់បន្ថយ ៥.៩% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យដឹកជញ្ជូន ក្រោមផែនការរបស់ក្រសួង ដែលបានដាក់ចេញ នាពេលថ្មីៗនេះ។
ក្រសួងនឹងបង្កើតសារាចរណែនាំ ស្តីពីការចាត់ថ្នាក់យានយន្ត តាមដងផ្លូវ, ផ្លាកសញ្ញាសម្គាល់យានជំនិះ ដែលប្រើប្រាស់ថាមពលស្អាត, បៃតង រួមនឹង បទប្បញ្ញត្តិ ស្តីពីស្ថានីយសាកថ្ម ផងដែរ។
នៅក្រោមផែនការនេះ ក្រសួងក៏បានកំណត់គោលដៅថា នឹងមានឡានក្រុងប្រើឧស្ម័នធម្មជាតិ ចំនួន ៦២៣គ្រឿង នៅឆ្នាំ២០៣០ ក្នុងនោះ នៅទីក្រុងហូជីមិញ ចំនួន ៤២៣ គ្រឿង និងនៅទីក្រុងហាណូយ ចំនួន២០០គ្រឿង៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ