ADB ផ្តល់ជំនួយឥតសំណង ១០ លានដុល្លារ ដើម្បីឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រនៅកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១0 លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែល ទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោលបំណងជួយកម្ពុជាសម្រេចគោលដៅជា ប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់នាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹង យេនឌ័រ ជាគំនិតផ្តួចផ្តើមដោយឡែកដំបូងរបស់មូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដែលផ្តោតជាពិសេសលើ សមភាពយេនឌ័រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបង្កើតទំនាក់ទំនងច្បាស់លាស់រវាងប្រព័ន្ធអភិបាលកិច្ច ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគុណភាពនិងលទ្ធភាពទទួលបានសេវាកម្ម ឆ្លើយតបនឹង GBV ។
គម្រោងនេះនឹង ពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នតាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជាស្តីពីអំពើហិង្សាក្នុងគ្រួសារ ធ្វើអោយប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋានដោយពង្រឹងគុណភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ ជាពិសេសនៅ តំបន់ជនបទ និង ជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និងនៅសហគមន៍សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ។ វានឹងលើកកម្ពស់ដំណោះស្រាយឌីជីថលសម្រាប់ការទទួលបានព័ត៌មាន ការអប់រំ និងធនធានទំនាក់ទំនង ២៤/៧ (២៤ម៉ោងក្នុង១ថ្ងៃនិង៧ថ្ងៃក្នុង១សប្តាហ៍) អំពី GBV ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់កិច្ចការពារ និងការឆ្លើយតបជាបន្តសំដៅទទួលបានផលជះវិជ្ជមានជាអតិបរមា។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា «គម្រោងដ៏សំខាន់នេះ នឹងពង្រឹងយន្តការឆ្លើយតបជាប្រព័ន្ធ ពង្រីកលទ្ធភាពទទួលបានជម្រកសុវត្ថិភាព និងធានាថាជនរងគ្រោះទទួលបានការថែទាំដែលពួកគាត់ត្រូវការ។ គម្រោងក៏នឹងលើកកម្ពស់កម្មវិធីការពារមានមូលដ្ឋាននៅសហគមន៍ដែលផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន ដើម្បីដើរតួនាទីសំខាន់ក្នុងការបង្កើនការយល់ដឹង និងបញ្ឈប់អំពើហិង្សា មុនពេលវាកើតឡើង។ ADB បន្តប្តេជ្ញាគាំទ្រកម្ពុជាក្នុងការកសាងសង្គមដែលមានសុវត្ថិភាព និងបរិយាបន្នកាន់តែច្រើនសម្រាប់ទាំងអស់គ្នា។»
ចំនួនករណី GBV នៅតែបន្តមានច្រើន ទោះបីជាប្រទេសកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹង GBV ដែលក្នុងនោះរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបានធ្វើការសាកល្បងវិធីសាស្រ្តបង្ការប្រកបដោយជោគជ័យក៏ដោយ។ ចាប់តាំងពីឆ្នាំ ២០១៤ កម្រិតអត្រាករណីអំពើហឹង្សាបង្កដោយដៃគូស្និទ្ធស្នាលបានថយចុះ ៨ ពិន្ទុភាគរយ មក ២១% សម្រាប់ចំនួនស្ត្រី (អាយុ ១៥ ដល់ ៤៩ ឆ្នាំ) ដែលទទួលរងអំពើហិង្សាយ៉ាងហោចណាស់ម្តងក្នុងជីវិតពួកគាត់ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ទោះបីកម្រិតនេះប្រសើរជាងកម្រិតមធ្យមភាគពិភពលោក និងអាស៊ីអាគ្នេយ៍ដែលមាន ៣0% កម្ពុជា នៅតែប្រឈមមុខនឹងឧបសគ្គ ដោយសារការឆ្លើយតបមិនទាន់រលូន បណ្តាលមកពី ភ្នាក់ងារសាធារណៈច្រើន និងសេវាថែទាំដែលផ្តោតលើជនរងគ្រោះ នៅមានកម្រិត។
ដោយផ្អែកលើមេរៀនពីគម្រោង GBV មុនៗនៅអាស៊ី គំនិតផ្តួចផ្តើមនេះលើកកម្ពស់ វិធីសាស្រ្ត ដែលមានការចូលរួមសកម្មពីគ្រប់ភ្នាក់ងាររដ្ឋាភិបាលដោយរួមបញ្ចូលសមភាពយេនឌ័រ និងការយកចិត្តទុកដាក់លើ GBV ពីក្រសួងសំខាន់ៗ រួមមានក្រសួងកិច្ចការស្ត្រី ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយកិច្ចសហការ។
គម្រោង១0 លានដុល្លារនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានជាជំនួយឥតសំណងពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ របស់ ADB ដែលត្រូវការជំនួយគាំទ្រនេះបំផុត ។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕
ដោយ ង៉ាន់ តិត្យ