ក្រសួងអប់រំរៀបចំប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៤ក្រោមប្រធានបទ”STEM ក្នុងវិស័យថាមពលបៃតង”

សៀមរាប៖នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប​កាលពី​ចុងសប្ដាហ៍កន្លងទៅ​ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ​កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ឆ្នាំ២០២៤ក្រោមប្រធានបទ”STEM ក្នុងវិស័យថាមពលបៃតង” ដោយមានការ​អញ្ជើញ​ចូលរួមពីលោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំ​យុវជន និងកុមារ​នៃក្រសួងអប់រំ យុវជន និងកីឡាព្រមទាំង​លោក លោកស្រី​តំណាងមន្ទីរអប់រំយុវជនរាជធានី ខេត្តជាច្រើនរូប។

កម្មវិធីនេះមានបេក្ខជនប្រកួតប្រជែងចំនួន២៥ក្រុមដែលជាសិស្សមកពីវិទ្យាល័យនានា​ដែលបានជ្រើសរើសមក​ចូលរួមប្រកួត​ទាំង​២៥​រាជធានី ខេត្ត។លោក ម៉ិល ផនសីហា បាននិយាយថា កម្មវិធីប្រកួតប្រជែង​ស្នាដៃ​យុវជនសតវត្ស​រ៍ទី២១ឆ្នាំ២០២៤​នាពេលនេះ​មានគោល​បំណងដូចជា អភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា លើជំនាញសរសេរ​គម្រោងស្នាដៃ និងហ៊ានចូលរួម ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី​,បណ្តុះស្មារតីយុវជនឱ្យចេះទទួលខុសត្រូវមានសេចក្តីក្លាហានចូលរួមចំណែកនិងទទួលយកបទពិសោធថ្មីៗ, បង្កើនការ​យក​ចិត្តទុកដាក់​ក្នុងការសិក្សា (STEM) និងមាន គំនិតផ្តួចផ្តើមច្នៃប្រឌិត និងនវានុវត្តន៍,​បង្កើតទម្លាប់ប្រើប្រាស់ថាមពលកកើត​ឡើងវិញប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង សន្សំសំចៃ ដើម្បីចីរភាពបរិស្ថានសារសំខាន់​នៃថាម​ពលបៃតង។

លោកបន្តថាក្នុងនាមយុវជនសតវត្សរ៍ទី២១ ត្រូវមានសមត្ថភាព មានទំនុកចិត្ត ភាពក្លាហាន ស្មារតីសាមគ្គីភាព ក្នុងកិច្ចការ ស្រាវ​ជ្រាវនូវអ្វីដែលថ្មី និងបង្កើតស្នាដៃថ្មីសម្រាប់ជាប្រយោជន៍ដល់​សង្គមជាតិ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner