ខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍កីឡាដណ្តើមពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង “

បាត់ដំបង៖សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)​ខេត្ត​បាត់ដំបងនិងរដ្ឋបាលខេត្ត ​នឹងរៀបចំបើកព្រឹត្តិការណ៍នៃការ​ប្រកួត​កីឡាចំនួន៤ វិញ្ញា​សា​សម្រាប់ឆ្នាំ២០២៤ ដើម្បីដណ្តើមពានរង្វាន់ ” សម្តេចក្រឡាហោម ស ខេង ” ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤​ឆាប់ៗខាងមុខ​នេះ ។មានក្រុមកីឡាករ-ការិនី មកពីបណ្តារាជធានី ខេត្ត ជាងមួយពាន់នាក់ នឹងមកចូលរួម​ប្រកួតវិញ្ញាសា បាល់ទាត់ បាល់ទះ វាយសី និងប៊ូលប៉េតង់ក្នុងព្រឹត្តិការណ៍នេះ។

ក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា លោក យី សុងគី អនុប្រធានស.ស.យ.កខេត្តបាត់ដំបង​បានបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡាដណ្តើមពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង “ធ្វើឡើង​ក្រោម​គំនិតផ្តួចផ្តើមរបស់ឯក​ឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជាទទួល​បន្ទុកខេត្តបាត់ដំបង ព្រៃវែង និងខេត្តបន្ទាយមាន​ជ័យ និងក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ។ព្រឹត្តិការណ៍នេះ​ជាកិច្ចសហការរវាង​ស.ស.យ.កខេត្តបាត់ដំបងនិង​រដ្ឋបាលខេត្តក្រោមប្រធានបទ៖ “ យុវជនម្នាក់លេងកីឡាមួយប្រភេទ ប្រចាំជីវិត និងចៀសឆ្ងាយពីគ្រឿងញៀន ”។

បើតាមលោក យី សុងគី នេះជាការរៀបចំលើកទី២ បន្ទាប់ពី​លើកទី១ប្រព្រឹត្តទៅកាលពីឆ្នាំ២០២២ទៅប្រកបដោយ​ជោគជ័យ និងមានការគាំទ្រចូលរួមឧបត្ថម្ភដល់កម្មវិធីនេះគួរជាទីមោទនៈ ។

ដោយឡែកតំណាងក្រុមកីឡាករដែលត្រៀមចូលរួមក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់សម្តេចក្រឡាហោម លើកទី២ ឆ្នាំ២០២៤ បានបង្ហាញពីអារម្មណ៍រីករាយ និងការប្តេជ្ញាចិត្តក្នុងការដណ្តើម​ពានជ័យលាភីឱ្យខាងតែបាន។

បញ្ជាក់ក្នុងសន្និសីទនេះដែរ ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជ​កម្ម​ខេត្តបាត់ដំបងបានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួត​កីឡាដណ្តើមពានរង្វាន់សម្តេចក្រឡាហោមដែលនឹងចាប់ផ្តើមបើកនៅថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ មានក្រុមកីឡាករ-ការិនី​ចូលរួមប្រកួត​សរុបជាងមួយពាន់នាក់ ។ក្នុងនេះក្រុមបាល់ទាត់បុរសចំនួន៣០ក្រុម មានកីឡាករចូលរួមសរុប៧៥០នាក់។ ក្រុម​បាល់ទះមាន១១ក្រុម មានកីឡាករចំនួន១២៦នាក់ ។ក្រុមវាយសីចំនួន៧៤ក្រុម មាន​កីឡាករ១៤៨នាក់ ចែកចេញជា៣ពូល​និងកីឡាប៉េតង់(ប៊ូល)​ចំនួន៣៨ក្រុម មានកីឡាករចំនួន១៥៨នាក់។
លោកបន្តថា ក្រុមកីឡាមកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ពោធិសាត់ ប៉ៃលិន ខេត្តបន្ទាយមានជ័យនិងខេត្ត​បាត់​​ដំបងជាម្ចាស់ផ្ទះ​។ក្រុមហ៊ុនខ្មែរប៊ើវើរីជីស ជាអ្នកឧបត្ថម្ភធំ និងក្រុមហ៊ុនចំនួន៦​សហការឧបត្ថម្ភ និងក្រុមហ៊ុនចំនួន២៨​សហការគាំទ្រ៕


( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner