៦០%នៃអ្នកប្រើប្រាស់ថៃបារម្ភអំពីកំណើនចំណាយ

បរទេស ៖ ប្រហែល៦០% នៃអ្នកប្រើប្រាស់ ឬ Consumer នៅក្នុងប្រទេសថៃ បាននិយាយថា ការចំណាយក្នុងគ្រួសារកាន់តែខ្ពស់ គឺជាកង្វល់មួយ នេះបើយោងតាមការស្ទង់មតិ ថ្មីៗនេះ។

អតិផរណា នៅតែជាកង្វល់ឈានមុខគេ ក្នុងចំណោមប្រជាជនថៃ នេះបើយោងតាមការសិក្សាចុងក្រោយបង្អស់របស់ ASEAN Consumer Sentiment ហៅកាត់ ACSS ចងក្រង ដោយធនាគារ United Overseas Bank ហៅកាត់ UOB។

ប្រភពបានបង្ហាញថា ទោះបីជាបរិយាកាសសេដ្ឋកិច្ចមានការប្រកួតប្រជែងក៏ដោយ អ្នកប្រើប្រាស់ ឬ អ្នកចំណាយ ជាជនជាតិថៃ ច្រើនជាង២នាក់ក្នុងចំណោម៥នាក់ ឬ ៤២% កំពុងបង្កើនការចំណាយរបស់ពួកគេ លើសម្ភារៈសំខាន់ៗ ខណៈដែលប្រជាជនថៃវ័យក្មេង កំពុងផ្លាស់ប្តូរ ទៅរកការចំណាយ ទទួលបានបទពិសោធន៍ ថ្មីៗ។

ប្រភពបានបន្តថា ជាង៤០%នៃអ្នកឆ្លើយតបសំណួរ បានរាយការណ៍ពីការកើនឡើង នៃការចំណាយ លើបទពិសោធន៍ថ្មីៗ ដូចជា ការធ្វើដំណើរ ការទទួលទានអាហារឆ្ងាញ់, ការប្រគំតន្ត្រី និងពិធីបុណ្យនានា កាលពីឆ្នាំមុន។

ទោះបីជាមានការកើនឡើងនៃការចំណាយក៏ដោយ ការស្ទង់មតិ បានរកឃើញថា អ្នកប្រើប្រាស់ថៃ ក៏កំពុងបង្ហាញពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការសន្សំប្រាក់ ផងដែរ។៥៧% នៃអ្នកឆ្លើយសំណួរថៃ បានរាយការណ៍ថា បានរក្សាមូលនិធិសង្គ្រោះបន្ទាន់ ដែលគ្របដណ្តប់លើការចំណាយ យ៉ាងហោចណាស់ ៣ខែ លើសពីមធ្យមភាគ ក្នុងតំបន់ ដែលមាន ៥៤%។ មនុស្សជំនាន់ក្រោយកំពុងផ្តល់អាទិភាព ដល់ការរក្សាទ្រព្យសម្បត្តិ តាមរយៈការសន្សំ និងការវិនិយោគ ក្នុងកម្រិតធំ ជាងមនុស្សចាស់ៗ នៅប្រទេសថៃ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner