ឥណ្ឌូណេស៊ីប្រកាសអាសន្នកម្រិតខ្ពស់ ផ្ទុះភ្នំភ្លើងផ្តាច់ជីវិតមនុស្ស ១០នាក់

ហ្សាការតា ៖ មន្រ្តីឥណ្ឌូណេស៊ី ក្នុងថ្ងៃចន្ទនេះ បានបង្កើនស្ថានភាពប្រកាសអាសន្នដល់កម្រិតខ្ពស់កំផុត បន្ទាប់ពីភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសបានផ្ទុះឡើងពេញមួយយប់ ដោយវាបានបញ្ចេញដុំភ្លើង ផេះ និងកម្អែភ្នំភ្លើងស្រោចភូមិប្រជាជន បណ្តាលឱ្យមនុស្សចំនួន ១០នាក់ស្លាប់។ នេះបើតាមការចុះផ្សាយរបស់កាសែតបារាំង AFP។

ភ្នំភ្លើង Lewotobi Laki-laki ដែលជាភ្នំភ្លើងភ្លោះមានកម្ពស់ ១,៧០៣ម៉ែត្រ ស្ថិតនៅកោះទេសចរណ៍ដ៏ពេញនិយម Flores ខេត្ត East Nusa Tenggara បានផ្ទុះនៅម៉ោងប្រហែល ២៣និង៥៧នាទីយប់ កាលពីថ្ងៃអាទិត្យ បង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាច្រើនរស់នៅក្បែរភ្នំភ្លើងនេះ ទៅកន្លែងមានសុវត្ថិភាព។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) លោក Abdul Muhari និយាយថា ហេតុការណ៍ផ្ទុះភ្នំភ្លើងនេះ ប៉ះពាល់ដល់ភូមិចំនួន៧, ដាច់ចរន្តអគ្គិសនី និងមនុស្សប្រមាណ ១០,២៩៥នាក់រងគ្រោះ។

ឥណ្ឌូណេស៊ីមានទីតាំងភូមិសាស្ត្រស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ទើបធ្វើឱ្យប្រទេសអាស៊ានមួយនេះ តែងតែរងគ្រោះរញ្ជួយដី និងភ្នំភ្លើងផ្ទុះជាញឹកញាប់។ តួយ៉ាង កាលពីខែឧសភាឆ្នាំនេះ ភ្នំភ្លើង Ruang នៅខេត្ត North Sulawesi បានផ្ទុះឡើង និងជំរុញឱ្យអាជ្ញាធជម្លៀសមនុស្សជាង ១២,០០០នាក់។

នៅខែដដែល ភ្នំភ្លើងមួយទៀតឈ្មោះ Marapi នៅខេត្ត West Sumatra បានបញ្ចេញកម្អែត្រជាក់គ្របដណ្ដប់លើភូមិជាច្រើន ដែលទើបតែរងគ្រោះដោយសារទឹកជំនន់ ដោយសម្លាប់មនុស្សចំនួន ១១នាក់ និងជាង ៦០នាក់រងរបួស៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner