សេដ្ឋវិទូថា សេដ្ឋកិច្ចរុស្ស៊ីនឹងជួបវិបត្តិ ទោះបញ្ចប់ ឬបន្តសង្រ្គាមអ៊ុយក្រែន
គៀវ : សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងប្រឈមហានិភ័យ ហើយអាចឈាន ទៅ រក វិបត្តិ មិមិនថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌី មៀ ពូ ទីន បញ្ចប់ ឬបន្តសង្គ្រាមនៅអ៊ុយក្រែន នេះបើតាមការរំពឹងទុករបស់សេដ្ឋវិទូ អ៊ុយក្រែន ម្នាក់ ។
លោក Alexander Mertens សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅវិទ្យាស្ថានពាណិជ្ជកម្មអន្តរជាតិនៃទីក្រុងគៀវ បានអះអាងបែបនេះ នៅពេលចេញការព្យាករណ៍ដ៏អាក្រក់ អំពីអនាគតសេដ្ឋកិច្ចរុស្ស៊ី នៅក្នុងពាក់កណ្តាលនៃឆ្នាំទី៣ នៃសង្រ្គាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
លោក Mertens និយាយថា ប្រសិនបើទីក្រុងមូស្គូជ្រើសរើសបន្តសង្រ្គាម សេដ្ឋកិច្ចរុស្ស៊ីទំនងជាដើរលើផ្លូវឆ្ពោះទៅរក “វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ” និងការជាប់គាំងយូរអង្វែង។ ទោះបីលោក ពូទីន ច្រានចោលផលប៉ះពាល់ពីទណ្ឌកម្មរបស់លោកខាងលិច តែការរឹតបន្តឹងនេះ ច្បាស់ជាជះឥទ្ធិពលលើពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់រុស្ស៊ី តួយ៉ាងប្រាក់ចំណូលថាមពលរបស់រុស្ស៊ី បានធ្លាក់ចុះជិតមួយត្រីមាសឆ្នាំ ២០២៣។
រីឯមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ីក៏កំពុងធ្លាក់ចុះផងដែរ ដែលប្រហែល ៤៤% នៃទ្រព្យសកម្មនៅក្នុងមូលនិធិសុខុមាលភាពជាតិរបស់រុស្ស៊ីត្រូវបានដកហូត ចាប់តាំងពីការចាប់ផ្តើមការលុកលុយអ៊ុយក្រែនរហូតដល់ខែធ្នូ ឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុរុស្ស៊ី។
បន្ថែមលើនេះ រុស្ស៊ីក៏កំពុងទទួលរងនូវកង្វះខាតកម្មករយ៉ាងធ្ងន់ធ្ងរ និងវិបត្តិប្រជាសាស្រ្តដែលកំពុងកើនឡើង។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារកណ្តាលរុស្ស៊ី បានដំឡើងអត្រាការប្រាក់ដល់ ២១% នៅក្នុងខែតុលា នេះជាសញ្ញាមួយដែលអ្នកបង្កើតគោលនយោបាយកំពុងព្យាយាមគ្រប់គ្រងអតិផរណាក្នុងគោលដៅត្រឹម ៨.៦%។
រុស្ស៊ីក៏បានប្រើប្រាស់ផលិតផលក្នុងស្រុកសរុប (GDP) ចំនួន៦% ដើម្បីចំណាយលើវិស័យការពារជាតិក្នុងឆ្នាំ ២០២៤។ បើតាមលោកសាស្ត្រាចារ្យ Merten ចំនុចទាំងនោះ គឺជាកត្តាចម្បងនៅពីក្រោយការកាត់បន្ថយកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសរុស្ស៊ី៕




ប្រភព : Business Insider ប្រែសម្រួល : ឈឹម ទីណា