គ្រូ និងយុវជន អំពាវនាវដល់សិស្ស យុវជនឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ឱ្យបានផុសផុលទាំងអស់គ្នា

(ភ្នំពេញ)៖ គ្រូ និងយុវជន អំពាវនាវដល់សិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០២៤ ឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាលឱ្យបានផុសផុលទាំងអស់គ្នា ខណៈគ្រឹះស្ថានបណ្តុះ​បណ្តាល​បច្ចេកទេសកំពុងបើកទទួលពាក្យចូលរៀននៅទូទាំងប្រទេសផងដែរ។

លោក កង សុវណ្ណ នាយកអនុវិទ្យាល័យ ឆាយឆុប ខេត្តកំពង់ស្ពឺអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលរបស់កូនៗដែលជាសិស្សថ្នាក់ទី១២ ដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ត្រូវពិនិត្យមើលថា ប្រសិនបើពុំទាន់មានលទ្ធភាពក្នុងការបញ្ជូនកូនៗទៅសិក្សានៅសាកលវិទ្យាល័យទេ សូមជំរុញកូនឱ្យមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល។

លោកនាយកសាលាបន្តថា ការចាប់យកការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់ណាស់ ពីព្រោះវាជាស្ពានចម្លងអនាគតរបស់យុវជន កូនៗ សិស្សានុសិស្សទាំងអ្នកទទួលបានលទ្ធផលល្អ និងមិនទទួលបានលទ្ធផលគាប់ប្រសើក្នុងការប្រឡងថ្នាក់ទី១២ កាលពីពេលថ្មីៗនេះ។ ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើឱ្យយុវជន សិស្សានុសិស្សមានជំនាញមួយច្បាស់លាស់ មានបំណិនប្រចាំជីវិត សម្រាប់ស្វែងរកការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ខ្លួនឯង ផ្គត់ផ្គង់គ្រួសារ ងើបផុតពីជីវភាពលំបាក លើសពីនេះអាចជួយសង្គមជាតិផងដែរ។

លោកនាយកបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះ​បណ្តាលថ្នាក់​ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដោយ​ឥតគិតថ្លៃ ហើយថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភថែមទៀត ប្រសិនបើយុវជនមកពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ជារួម រាជរដ្ឋាភិបាលមានគោលបំណងដ៏ធំ​មួយ​ដើម្បីជួយជ្រោមជ្រែងយុវជនឱ្យមានចំណេះដឹង មានជំនាញគ្រប់ៗគ្នា។ ដូច្នេះហើយ​កូនៗ ក្មួយ សិស្សានុសិស្សទាំងអស់ សូមចាប់យកឱកាសនៃការសិក្សាជំនាញនេះ​ឱ្យបាន ។

ចំណែក អ្នកនាង មាន់ ម៉ានី ក្រុមការងារទទួលពាក្យ និងចុះឈ្មោះចូលរៀនវគ្គ TVET 1.5M នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា ដើម្បី​សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដោយឥតគិតថ្លៃរបស់រាជ​រដ្ឋាភិបាល យុវជនត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមួយសន្លឹក រូបថត ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវភ្ជាប់​មកជាមួយបណ្ណក្រីក្រ និងបណ្ណសមធម៌ទាំងនោះដើម្បីបាន​សិក្សាជំនាញដោយ​ឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។

អ្នកនាងបានគូសបញ្ជាក់បន្ថែមថា សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មានវេនសម្រាប់ជ្រើសរើសក្នុងការចូលរៀន ដល់ទៅ៧វេន ក៏ប៉ុន្តែ​អ្នកនាងមើលឃើញថា សិស្សភាគច្រើនចូលរៀនក្នុងវេន ទី១ វគ្គថ្ងៃនិងរសៀល ចាប់ពីថ្ងៃចន្ទ ដល់សុក្រ  ទី២ វគ្គវេនយប់ចាប់ពីថ្ងៃចន្ទ ដល់សុក្រ និងទី៣ វគ្គចុង​សប្តាហ៍ថ្ងៃសៅរ៍ និងអាទិត្យ។ ការដាក់ចេញនូវវេនបណ្តុះបណ្តាលច្រើនវេនដូចនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ យុវជន ដែលមានការងារធ្វើ និងរវល់​នៅ​ថ្ងៃចន្ទ សុក្រ អាចជ្រើសរើសវេនដើម្បីសិក្សាតាមតម្រូវការបាន។

ទន្ទឹមនេះ យុវជន ហេង ស៊ុនហេង មកពីខេត្តកោះកុង ដែលបានមកដាក់ពាក្យ​ចុះ​ឈ្មោះ ចូលវគ្គរៀនជំនាញថែទាំ និងជួសជុលរថយន្តនៃកម្មវិធី TVET 1.5M នៅ​វិទ្យាស្ថាន លើកឡើងថា ខ្លួនសម្រេចចិត្តមកសិក្សាជំនាញនៅវិទ្យាស្ថាន ITI  ដោយ​សារក្តីស្រលាញ់ខាងយានយន្ត ហើយមានបំណងប្រាថ្នាចង់បានការងារ និង​ទទួល​បានប្រាក់ចំណូលសមរម្យនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ខណៈមានតែការ​សិក្សា​ជំនាញ​ទេដែលអាចធ្វើឱ្យខ្លួនអាចបន្តការសិក្សាបាន ដោយសារជីវភាពគ្រួសារលំបាក ។

យុវជនរូបនេះបានអំពាវនាវឱ្យសិស្សានុសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ សូមនាំគ្នាមកចុះឈ្មោះចូលរៀនទាំងអស់គ្នា ពីព្រោះការ​សិក្សាជំនាញមានរយៈពេលខ្លី រៀនដោយឥតគិតថ្លៃ ស្រួលរកការងារធ្វើ ជាពិសេស​នោះយុវជនអាចបន្តការសិក្សាផ្សេងៗទៀតបន្ទាប់ពីសិក្សាជំនាញចប់នៅគ្រឹះស្ថានបណ្តុះបណ្តាល។ ជារួម យុវជនរូបនេះ មើលឃើញថាការសិក្សាជំនាញ TVET គឺជា​ស្ពានចម្លងយុវជនជាពិសេសយុវជនដែលមានជីវភាពក្រីក្រ អាចបន្តលើវិថី​នៃការ​សិក្សាបាន។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់​រាជរដ្ឋា​ភិ​បាល​អាណត្តិទី៧ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការចាប់តាំងពីខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយកម្មវិធីសិក្សាជំនាញមួយនេះគឺមិនមានការបង់ថ្លៃសិក្សា, និងថែម​ទាំង​ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, សិក្សារយៈពេល៤ ខែ ដោយអាចជ្រើសរើសជំនាញ​សិក្សាដែលខ្លួនពេញចិត្ត។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​មួយនេះកំពុងតែដំណើរការបណ្តុះបណ្តាលយុវជនជាច្រើនមុឺននាក់ ហើយបច្ចុប្បន្ន​នៅតែបន្តជ្រើសរើសយុវជនចូលសិក្សានៅទូទាំងប្រទេសផងដែរ។

សម្រាប់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ 1286 ឬ 1297៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner