ឆ្នាំ ២០២៨ ឥណ្ឌានឹងបញ្ជូនយានទៅយកសំណាកឋានព្រះចន្ទមកផែនដី

ញូវដែលី ៖ ឥណ្ឌានឹងសហការជាមួយជប៉ុន កំណត់គោលដៅបាញ់បង្ហោះយានអវកាស Chandrayaan-4 រួមជាមួយនឹងគ្រឿងយន្ត Rover ទៅកាន់ប៉ូលខាងត្បូងឋានព្រះចន្ទនៅឆ្នាំ ២០២៨។

បេសកកម្មនៃយានអវកាស Chandrayaan-4 មានគោលបំណងប្រមូលសំណាកឋានព្រះចន្ទទម្ងន់ប្រហែល ៣គីឡូក្រាម ពីតំបន់ដែលសម្បូរដោយទឹកកកនៅជិតប៉ូលខាងត្បូងរបស់ឋានព្រះចន្ទ ហើយបញ្ជូនវាមកផែនដីវិញ។

មុនពេលអនុវត្តបេសកកម្ម Chandrayaan-4 អង្គការស្រាវជ្រាវអវកាសឥណ្ឌា ( ISRO ) នឹងចាប់ផ្តើមការពិសោធន៍ចុះចតយានអវកាស (SPADEX) តម្លៃ ១៤លានដុល្លារនៅចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២៥ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Deccan Herald។

អង្គការ ISRO បាននិយាយកាលពីមុនថា បច្ចេកវិទ្យាផលិតក្នុងស្រុកផ្សេងទៀត កំពុងត្រូវបានបង្កើតឡើង សម្រាប់បេសកកម្មនៅឋានព្រះចន្ទ រួមមានដៃមនុស្សយន្តដើម្បីយកសំណាកចេញពីផ្ទៃព្រះចន្ទ និងគ្រឿងយន្តខួងប្រមូលសំណាកប៉ុន្មានម៉ែត្រពីក្រោមផ្ទៃឋានព្រះចន្ទ។

នេះគឺជាបេសកកម្មមួយ ក្នុងចំណោមបេសកកម្មសំខាន់ៗជាច្រើន ដែលថ្មីៗនេះត្រូវបានអនុម័តដោយរដ្ឋាភិបាលឥណ្ឌា ដើម្បីជំរុញសេដ្ឋកិច្ចអវកាសរបស់ខ្លួន។ ការវិលត្រឡប់របស់យានអវកាសឥណ្ឌាទៅកាន់ឋានព្រះចន្ទសារជាថ្មីនេះ គ្រោងនឹងចំណាយលុយប្រមាណ ២៥០លានដុល្លារ។

ការរកឃើញប្រភពទឹកកកនៅប៉ូលខាងត្បូងឋានព្រះចន្ទ ធ្វើឱ្យប្រទេសធំៗជាច្រើនចាប់អារម្មណ៍ ខណៈដែលអ្នកវិទ្យាសាស្ត្រសង្ស័យថា ប្រភពទឹកកកទាំងនោះ អាចកែច្នៃសម្រាប់ទ្រទ្រង់ជីវិត និងប្រេងឥន្ធនៈ៕

ប្រភព : Space ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner