ចិនបញ្ចេញមនុស្សយន្តដំបូងអាចដើរដូចមនុស្ស ត្រៀមលក់ឱ្យបាន ១ពាន់គ្រឿងនៅឆ្នាំ ២០២៥

ប៉េកាំង ៖ ក្រុមហ៊ុន Shenzhen EngineAI Robotics របស់ចិន ថ្មីៗនេះបានបញ្ចេញមនុស្សយន្តឆ្លាតវៃដំបូងលើពិភពលោក មានឈ្មោះថា SE01 ដែលត្រូវបានរចនាឡើងមកជាមួយបច្ចេកវិទ្យាទំនើប និងមានរូបរាងទាក់ទាញ ជាពិសេសអាចដើរ ឬធ្វើចលនាដូចមនុស្ស។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Morning Star។

មនុស្សយន្ត SE01 មានលក្ខណៈពិសេសមួយ នោះគឺប្រព័ន្ធខួរក្បាលរបស់វាបំពាក់បច្ចេកវិទ្យាឈានមុខគេ ធៀបនឹងមនុស្សយន្តដទៃទៀត ធ្វើឱ្យវាមានសមត្ថភាពដើរដូចមនុស្សពិតៗ ទោះបីជាស្ថិតក្នុងស្ថានភាពផ្លូវបែបណាក៏ដោយ។

មនុស្សយន្ត SE01 បំពាក់បន្ទះឈីបផលិតចេញពីក្រុមហ៊ុនល្បីៗចំនួនពីរ គឺ Nvidia និង Intel ព្រមទាំងបំពាក់កាំមេរ៉ាចំនួនបីគ្រាប់ ធ្វើឲ្យការចាប់រូបភាពបានច្បាស់ល្អ និងគ្រប់ជ្រុងជ្រោយ។

ការរួមបញ្ចូលគ្នានៃការបំពាក់ឧបករណ៍ទាំងនេះ អនុញ្ញាតឲ្យខួរក្បាលរបស់មនុស្សយន្ត SE01 ធ្វើប្រតិបត្តិការគណនាទិន្នន័យបានច្បាស់លាស់ និង ដោះស្រាយបញ្ហាជុំវិញខ្លួនបានល្អបំផុត។

គេហទំព័រ Interesting Engineering បានឱ្យដឹងថា ក្រុមហ៊ុន EngineAI Robotics បានប្រើប្រាស់លោហៈធាតុអាលុយមីញ៉ូមបំពាក់លើតួខ្លួនមនុស្សយន្ត SE01 ធ្វើឲ្យតួខ្លួនវារឹងមាំ មានទម្ងន់ស្រាល មានភាពធន់នឹងការប៉ះទង្គិច ជាពិសេសអាចឲ្យប្រព័ន្ធមេកានិចរបស់ SE01 ប្រើប្រាស់បានយូរ។

យ៉ាងណា ក្រុមហ៊ុន EngineAI Robotics បានប្តេជ្ញាចិត្តថា នឹងបើកដំណើរការផលិតមនុស្សយន្ត SE01 ជាផ្លូវការនៅចុងឆ្នាំ ២០២៤ ហើយមានគោលបំណងផលិត និងលក់ឲ្យបានជាង ១,០០០គ្រឿងនៅឆ្នាំ ២០២៥ ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ចេញតម្លៃទេ៕

ប្រភព៖ Morning Star និង Interesting Engineering ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner