ស្ងាត់ៗ លោក Musk ចាយ ៣៥លានដុល្លារ ទិញដីទុកសង់ផ្ទះឱ្យកូន ១១នាក់ និងប្រពន្ធ ៣នាក់រស់ជិតគ្នា

វ៉ាស៊ីនតោន ៖ កាសែត New York Post ចេញផ្សាយថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ចំណាយប្រាក់ដល់ទៅ ៣៥លានដុល្លារ ទិញដីដោយសំងាត់ ទំហំជាង ៤០០ម៉ែត្រការ៉េ នៅក្នុងទីក្រុងអូស្ទីន រដ្ឋតិចសាស់ ក្នុងគោលបំណងធ្វើផ្ទះទុកសម្រាប់កូនៗទាំង ១១នាក់ និងអតីតគូសេ្នហ៍ទាំង៣របស់គាត់។

ផ្អែកតាមការចុះផ្សាយរបស់កាសែត New York Times (NYT) បរិវេណដីនេះរួមបញ្ចូលទាំងផ្ទះចំនួនពីរខ្នង ដែលមានម៉ូតស្រដៀងនឹងវីឡា Tuscan អ៊ីតាលី និងផ្ទះមួយផ្សេងទៀតមានបន្ទប់គេងចំនួន៦។ ប្រភពសុំមិនបញ្ចេញឈ្មោះមួយ បានទម្លាយប្រាប់កាសែត NYT ថា លោក Musk បានប្រាប់អ្នកលក់អចលនទ្រព្យមកឲ្យគាត់នោះ រក្សាវាជាការសំងាត់។

ប៉ុន្តែមិនយូរប៉ុន្មាន រឿងនេះបានបែកធ្លាយ ដោយកាសែត NYT បានរាយការណ៍ថា ផ្ទះទាំងនោះនឹងផ្តល់ភាពងាយស្រួលសម្រាប់កូនៗរបស់លោក Musk រក្សាទំនាក់ទំនង និងរស់នៅជុំគ្នា។

ប្រភពបានទម្លាយឱ្យដឹងថា ប្រព័ន្ធដំបូងរបស់លោក Musk គឺអ្នកស្រី Justine Wilson មានកូនចំនួន ៥នាក់ អំឡុងពេលរៀបការនៅចន្លោះពីឆ្នាំ ២០០០ ដល់ឆ្នាំ២០០៨។ បន្ទាប់មក មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ក៏មានកូនចំនួន ៣នាក់ទៀត ជាមួយតារាចម្រៀង និងជាអ្នកនិពន្ធចម្រៀងជនជាតិកាណាដា នាង Grimes ប៉ុន្តែក្រោយមកបានចែកផ្លូវគ្នា។

មិនបញ្ចប់ត្រឹមហ្នឹងទេ លោក Musk ក៏បន្តមានកូនចំនួន ៣នាក់ផ្សេងទៀត ជាមួយអ្នកស្រី Shivon Zilis ដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុន Neuralink ដែលគ្រប់គ្រងដោយគាត់ផងដែរ។ សរុបមក លោក Musk មានកូនទាំងមុន និងក្រោយចំនួន ១១នាក់ ប៉ុន្តែមិនមានប្រភពទម្លាយថាតើប្រុសប៉ុន្មាន និងស្រីប៉ុន្មានទេ។

អ្នកស្រី Zilis វ័យ ៣៨ឆ្នាំ បានផ្លាស់ទៅរស់នៅក្នុងផ្ទះដែលលោក Musk ទិញទុកឲ្យមួយជាមួយកូនៗរបស់នាងរួចរាល់ហើយ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត NYT៕

ប្រភព៖ New York Post និង New York Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner