Zelensky ៖ ទ័ពកូរ៉េខាងជើងកើនដល់១១,០០០នាក់ ឈរជើងនៅព្រំដែនរុស្ស៊ី
បរទេស៖ ប្រធាធិបតីប្រទេសនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃចន្ទថា ទាហានកូរ៉េខាងជើង ចំនួន១១,០០០នាក់ កំពុងស្ថិតនៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។
លោក ប្រធានាធិបតីអ៊ុយក្រែន Zelensky និយាយថា ទាហានកូរ៉េខាងជើងទាំងនោះត្រូវបានដាក់ពង្រាយ នៅតាមព្រំដែន ជាមួយអ៊ុយក្រែន នេះបើយោងតាមការលើកឡើងពី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់ទីក្រុង Kyiv។ លោក Zelensky ក៏បានបង្ហាញពីការសោកស្ដាយ ដែលបណ្តាសម្ព័ន្ធមិត្តលោកខាងលិច មិនបាននិយាយច្រើន អំពីរឿងនេះ។
មកទល់ពេលនេះ កូរ៉េខាងជើង និងរុស្ស៊ី មិនបានបដិសេធ លើរបាយការណ៍ស្តីពីការដាក់ពង្រាយទ័ពនោះទេ ខណៈដែលសង្គ្រាម នៅតែបន្តកើតមាន អូសបន្លាយរយៈពេលជាង២ឆ្នាំកន្លះ មកហើយ។
ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង លើរបាយការណ៍អំពីវត្តមានកងទ័ពកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត