មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ជំងឺមហារីកគឺជាឃាតករ លាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត

(ភ្នំពេញ)៖ ជំងឺមហារីកគឺជាឃាតកលាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាង​សកម្ម​ជាបន្តទៅទៀត ស្របពេលកន្លងទៅនេះយើងបានធ្វើកិច្ចការ នេះជាច្រើនមកហើយ បើទោះបីជាយើងមិនទាន់មានផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកក៏ដោយចុះ។ ការបញ្ជាក់របស់ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បែបនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការ​ជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅសណ្ឋាគារ ភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

សិក្ខាសាលានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលធាតុចូលដែលជាផ្នែកមួយដ៏សំខាន់មុននឹងផែនការជាតិត្រូវបានដាក់ចេញឱ្យអនុវត្ត សម្រាប់ការប្រយុទ្ធនឹងជំងឺមហារីក ដែលជាឃាតករ លាក់មុខឱ្យទទួលបានជោគជ័យ ។

បើតាមលោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាទី​ប្រឹក្សា​ក្រសួងសុខាភិបាលបានឱ្យដឹងថា នាពេលបច្ចុប្បន្នកត្តាកំណើនអាយុ ការ​វិវឌ្ឍន៍​​សកលភាវូបនីយកម្ម និងនគរូបនីយកម្ម រួមផ្សំនិងរបៀប​រស់នៅដែល​មិន​មានសុខភាពល្អ បានធ្វើឱ្យជំងឺមិនឆ្លងកើនឡើងនៅទូទាំងពិភពលោក ហើយថា ក្នុងចំណោមករណីស្លាប់ទាំងអស់មាន ៦០ភាគរយ គឺបណ្តាលមកពីជំងឺមិនឆ្លង​បួនប្រភេទ ដែលក្នុងនោះមានជំងឺមហារីកផងដែរ ដែលតាមការប៉ាន់ស្មាន ជារៀង​រាល់ឆ្នាំមានអ្នកស្លាប់បណ្តាលមកពីជំងឺមហារីកប្រហែល ១០លាននាក់ ក្នុងនោះ ៧៥ភាគរយ នៅប្រទេសមានចំណូលទាបនិងមធ្យម ។

លោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា បញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហានេះឱ្យកាន់តែ​មានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក៏ដូចជាការចូលរួមអភិវឌ្ឍវិស័យសុខាភិបាល​ឱ្យឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសក្រោមការ​ដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីនៃក្រសួង​សុខាភិបាល ក្រុមការងារក៏បានផ្តួចផ្តើមរៀបចំកសាងផែនការជាតិប្រយុទ្ធ​នឹង​ជំងឺមហារីកឆ្នាំ២០២៥-២០៣០ ដោយនៅក្នុងដំណើរការនៃការរៀបចំនេះ​ការ​ពិគ្រោះយោបល់​ជាមួយភាគីពាក់ព័ន្ធនានា គឺជាជំហានមួយដែលមិនអាចខ្វះបាន​ដើម្បី​ធានាបាន​នូវភាពល្អិតល្អន់ និងគុណភាព៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner