អាមេរិកសោកស្តាយដែលហាម៉ាសទាត់ចោលបទឈប់បាញ់ថ្មី
វ៉ាស៊ីនតោន : រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អានថូនី ប្លីងគែន ក្នុងថ្ងៃចន្ទ បានបង្ហាញការសោកស្តាយ និងស្តីបន្ទោសក្រុមហាម៉ាស ចំពោះការបដិសេធបទឈប់បាញ់បណ្តោះអាសន្នថ្មីនៅតំបន់ហ្គាហ្សា។
ទន្ទឹមគ្នា លោក ប្លីងគែន ក៏បានដាក់សម្ពាធលើអ៊ីស្រាអែលម្តងទៀតផងដែរ ដើម្បីអនុញ្ញាតឱ្យការផ្តល់ជំនួយបន្ថែមទៀត អាចចូលទៅក្នុងទឹកដីប៉ាឡេស្ទីន។
អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក ប៊េដ អាប់ឌែលឡាទីលោក ប្លីងគែន បានកត់សម្គាល់ថា ក្រុមហាម៉ាសបានបដិសេធជាថ្មីម្តងទៀត ក្នុងការដោះលែងចំណាប់ខ្មាំង ជាថ្នូរជាមួយបទឈប់បាញ់ និងការសង្គ្រោះប្រជាជននៅតំបន់ហ្គាហ្សា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក។
យ៉ាងណា ប្រមុខការទូតអាមេរិករូបនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ចប់សង្រ្គាមហ្គាហ្សា, ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការបង្កើន និងទ្រទ្រង់ការផ្តល់ជំនួយមនុស្សធម៌ជួយដល់ជនរងផលប៉ះពាល់។
ការលើកឡើងរបស់លោក ប្លីងគែន កើតឡើងបន្ទាប់ពីមន្ត្រីក្រុមហាម៉ាសបានប្រាប់កាសែត AFP កាលពីថ្ងៃសុក្រថា ក្រុមខ្លួនទទួលបានសំណើពីប្រទេសអេហ្ស៊ីប និងកាតា សម្រាប់បទឈប់បាញ់រយៈពេលខ្លីមួយ ហើយបានច្រានចោល ពីព្រោះវាមិនរាប់បញ្ចូលបទឈប់បាញ់យូរអង្វែងក្នុងសង្រ្គាមជិត ១៣ខែនៅតំបន់ហ្គាហ្សារ៕
ប្រភព : AFP ប្រែសម្រួល : ឈឹម ទីណា