មន្ទីរសាធារណការខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ចេញប្រកាសព្រមគ្នាផ្អាកការចរាចរណ៍រថយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៣ បណ្តោះអាសន្ន

(ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ និងខេត្តកំពង់ស្ពឺ បានប្រញ៉ាប់ប្រកាសផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការជន់លិចផ្លូវត្រង់ចំណុចមួយចំនួន ។

ការប្រកាសផ្អាកចរាចរណ៍នេះ បានធ្វើឡើងនៅក្នុងសេចក្ដីជូនដំណឹងពីរដាច់ដោយឡែកពីគ្នានៃមន្ទីរសាធារណការខេត្តកំពង់ស្ពឹ នៅថ្ងៃទី៤ និងខេត្តតាកែវ ថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្លឹមសារដូចគ្នា អំពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ ជាណ្តោះអាសន្ន ។

នៅក្នុងសេចក្តីជូនដំណឹងបានសរសេរថា ការផ្អាកចរាចរណ៍នេះ គឺនៅបន្ទាប់ពីជំនន់ទឹកភ្លៀង ដែលបាននិងកំពុងជន់ឡើង បណ្តាលឲ្យលិចលង់នៅតាមកំណាត់ផ្លូវជាតិលេខ៣ ចន្លោះ គីឡូម៉ែត្រលេខ ៤១ ដល់គីឡូម៉ែត្រលេខ ៤៣ ម្ដុំផ្សារត្រាំខ្នារ ស្ថិតក្នុងស្រុកគងពិសី និងចន្លោះ គីឡូម៉ែត្រលេខ ៥៣ ដល់ គីឡូម៉ែត្រលេខ ៥៥ ម្ដុំផ្សារប៉ាង្គសី ស្ថិតក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ប្រការនេះ បានតម្រូវឲ្យផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្ននៅចំណុចនោះជាបន្ទាន់ ដោយរងចាំការជូនដំណឹងជាថ្មី ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ដោយសារស្ថានភាពទឹកជំនន់លិចផ្លូវបែបនេះ ធ្វើឲ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បានឡើយ ។

សេចក្ដីជូនដំណឹងទាំងពីរនោះ នូវបានស្នើឲ្យប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត និងពីខេត្តកំពតឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ ២២ ហួសទៅផ្លូវជាតិលេខ ២ ស្តុបអង្គតាសោមក្រុងដូនកែវ ឬវាងទៅតាមផ្លូវជាតិលេខ ៤១ ជាបណ្ដាះអាសន្នសិន ។

ក្នុងសេចក្តីជូនដំណឹង មន្ទីរសាធារណការ បានបញ្ជាក់ជូនប្រជាពលរដ្ឋអំពីស្ថានភាពទឹកភ្លៀងចុងឆ្នាំក្នុងរដូវវស្សឆ្នាំ២០២៤នេះ បានចាប់ផ្តើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន បង្កឲ្យមានជាជំនន់ទឹកភ្លៀង ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារអាចបង្កឲ្យមានផលប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ផងដែរ ។

បើតាមប្រសាសន៍ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក បានបញ្ជាក់ក្នុងឱកាសដែលឯកឧត្តមបានចុះត្រួតពិនិត្យ និងដោះស្រាយលើស្ថានការណ៍ទឹកភ្លៀងនៅក្នុងតំបន់នោះថា ក្នុងរយៈពេលកន្លងទៅនេះ តំបន់ជួរភ្នំស្រង់ ព្រមទាំងតំបន់ជំរាល និងផ្ទៃរងទឹកភ្លៀងនានានៃជួរភ្នំនេះស្ថិតក្រោមវិសម្ពោធទាប ដែលធ្វើឱ្យបរិមាណទឹកបែកវាលចេញជាច្រើនទិស ហើយជាដំណោះស្រាយចំពោះមុខ ក្រសួងធនធានទឹក និងឧតុនិយមបានប្រមូល និងបង្វែរទឹកឱ្យទៅតាមទិសស្ទឹងតាកែវ និងស្ទឹងតន់ហន់ ។

យោងតាមការព្យាករណ៍អាកាសធាតុ កម្ពុជាកំពុងរងឥទ្ធិពលគ្របដណ្តប់ពីព្យុះទី២២ឈ្មោះយីនស៊ីង(Yinxing) ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានមានឥទ្ធិពខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕

អត្ថបទ ៖ គង់ សុផុល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner