អង្គការសមាគមខ្មែរកម្ពុជាក្រោម៖ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ជាព្រឹត្តិការណ៍ដ៏កម្រនិងមានគុណតម្លៃជាប្រវត្តិសាស្ត្រ
អង្គការសមាគមខ្មែរកម្ពុជាក្រោម សម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរ ប្រកបដោយសទ្ធាចិត្តជ្រះថ្លា យ៉ាងក្រៃលែងចំពោះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សមាជិក សមាជិកានៃរាជរដ្ឋាភិបាល បានដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ស្ថិតក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសេចក្តីសុខ សុវត្ថិភាព មហោឡារិក អធិកអធ័ម ក្រោម បរិយាកាសស្រស់ស្រាយ រួសរាយ រាក់ទាក់ រំភើប ពោរពេញដោយក្តីគោរពស្រឡាញ់ពីព្រះសង្ឃ និងជនរួមជាតិខ្មែរក្រោម។
អង្គការសមាគមខ្មែរកម្ពុជាក្រោមបានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏កម្រ និងមានគុណតម្លៃជាប្រវត្តិសាស្ត្រក្នុងសង្គមជាតិខ្មែរយើងទាំងមូល។ យើងខ្ញុំក្នុងនាម ពលរដ្ឋខ្មែរក្រោម តែងតែរំពឹង និងអំពាវនាវឱ្យមានព្រឹត្តិការណ៍បែបនេះជាយូរយារណាស់មកហើយ ដើម្បីផ្គាប់ចិត្តបងប្អូនជនរួមជាតិខ្មែរនៅកម្ពុជាក្រោម ដែលតែងតែចាត់ទុក ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ជាឪពុកម្តាយរបស់ខ្លួន ដូច្នោះដែរ ព្រោះជាឈាមជ័រ កំណើតខ្មែរតែមួយ។ ការដែលរាជរដ្ឋាភិបាលសម្រេចដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោម គឺជាការបង្កើតនូវភាពកក់ក្តៅ និងបង្កើននូវការផ្សារភ្ជាប់ចំណងមនោសញ្ចេតនាកាន់តែស្អិតរមួតក្នុងនិស្ស័យបងប្អូន ក្នុងគ្រួសារ សមដូចឈ្មោះអង្គកឋិនថា “អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ” ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាលគឺជាខ្មែរតែមួយ។ ក្នុងនាមពលរដ្ឋខ្មែរក្រោម អង្គការសមាគមខ្មែរកម្ពុជាក្រោម មានក្តីសង្ឃឹមថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ឥស្សរជន ឧកញ៉ា និងបងប្អូនជនរួមជាតិខ្មែរទាំងអស់គប្បីបង្កើតឱ្យមានពិធីដង្ហែអង្គកឋិនទាន ឬប្រារព្ធពិធីបុណ្យក្នុង ប្រពៃណីព្រះពុទ្ធសាសនាក្តី បុណ្យប្រពៃណីជាតិក្តី ឆ្ពោះទៅកាន់ទឹកដីកម្ពុជាក្រោមឱ្យបានជាប់ជាយូរអង្វែងថែមទៀត៕
ដោយ៖ពលជ័យ