ក្រុមអ្នកជំនាញកំពុងជួសជុលប្រាសាទទ្រមូង នៃ ខ្លោងទ្វារ តាកាវ ក្រុង អង្គរធំឡើងវិញ

(ភ្នំពេញ)៖ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃ ខ្លោងទ្វារ តាកាវ ក្រុង អង្គរធំ ឱ្យរឹងមាំឡើងវិញ។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា។

គួរបញ្ជាក់ថាប្រាសាទទ្រមូង គឺជាមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យបុរាណចំនួន៤ របស់អតីតក្រុងអង្គរធំ ដែលបច្ចុប្បន្នកំពុងរងការខូចខាតខ្លាំង។

លោក ជា សារិទ្ធបុរាណវិទូ និងជាប្រធានការងារការដ្ឋាន ឱ្យដឹងថា ប្រាសាទទ្រមូង រងការខូចខាតខ្លាំងនៅត្រង់តួប៉មកណ្តាល ដោយមានការដួលរលំស្ទើរទាំងស្រុង គឺនៅសល់ទ្រង់ទ្រាយដើមប្រហែល២០-៣០ភាគរយប៉ុណ្ណោះ។ ចំណែក ថ្មចាប់ពីជញ្ជាំងរហូតទៅដល់ផ្នែកដំបូលវិញ បានរលំ និងធ្លាក់ចុះមកលើដីទាំងស្រុង ដោយនៅសេសសល់ តែស៊ុមទ្វារផ្នែកខាងមុខ ខឿនផ្នែកខាងត្បូង និងផ្នែកខាងកើត។ ចំណែក រចនាសម្ពន្ធផ្នែកខាងលិច និងខាងជើងក៏បាត់ថ្មអស់ប្រហែល៥០ភាគរយដែរ។

លោកថាដោយសារតែប្រាសាទទ្រមូង រងការខូចខាតធ្ងន់ធ្ងរ ទើបបច្ចុប្បន្នក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុល ថែទាំឡើងវិញទៅតាមដំណាក់កាល។

ដំណាក់កាលទី១ គឺក្រុមការងារ ចាប់ផ្ដើមធ្វើសម្រង់ប្លង់បច្ចុប្បន្នរបស់ប្រាសាទ ធ្វើការវិភាគវិនិច្ឆ័យលក្ខណៈរបស់សំណង់ និងការខូចខាត ដើម្បីឈានដល់ការជួសជុល។ ចំណែកដំណាក់កាលទី២ គឺធ្វើការចុះបញ្ជីថ្មដែលកំពុងរាយប៉ាយ ដើម្បីកំណត់មុខងារ និងទីតាំងរបស់ថ្ម។

លោក ជា សារិទ្ធ បញ្ជាក់ថា តាមការចុះបញ្ជីកន្លងមក អាចឱ្យដឹងថា ថ្មដែលនៅរាយប៉ាយលើដី នាផ្នែកខាងលិចនៃប្រាសាទ គឺមានចំនួនរហូតទៅដល់៥០០ដុំ ផ្នែកខាងជើងមានចំនួន៦០០ដុំ។ ថ្មទាំងនោះ បានកំណត់អត្តសញ្ញាណរួចហើយមានដូចជា ថ្មដំបូល ថ្មជញ្ជាំង ថ្មខឿន ផ្តែរ សសរពេជ្រ និងទ្វារបញ្ឆោតរបស់ប្រាសាទជាដើម។ល។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាសាទទ្រមូងនេះ ដោយចាប់ផ្ដើមពីដំណាក់កាលនៃការពង្រឹងខឿន គ្រឹះរបស់តួប៉មកណ្តាល៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner