បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារត្រៀមបញ្ជូនទូក” ង” ឈ្មោះ”តំបន់សឹកសែនជ័យ បារមីលោកតាឌី” ចូលរួមប្រកួតប្រជែងនៅចុងសប្ដាហ៍នេះ
ព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន រួមទាំងក្រុមកីឡាករ២៧នាក់ ធ្វើពិធីក្រុងពាលី ប្រោះព្រំដល់ក្រុមកីឡាករទូក “ង” ឈ្មោះ តំបន់សឹកសែនជ័យ បារមីលោកតាឌី ដែលត្រៀមបញ្ជូនទៅចូលរួមប្រកួតប្រជែងយកជ័យលាភី ក្នុងព្រឹត្តិការណ៍អុំទូក ដែលរៀបចំដោយរដ្ឋបាលខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថា បញ្ជាការដ្ឋានតំបន់សឹកព្រះវិហារ បានត្រៀមគ្រប់លក្ខណៈសម្បត្តិរួចជាស្រេចដើម្បីបញ្ជូនទូក”ង” ឈ្មោះ តំបន់សឹកសែនជ័យ បារមីលោកតាឌី ចំណុះ ២២នាក់ ពាក់លេខ០៨ ចូលរួមអុំ និងប្រកួតប្រជែងជាមួយទូកនានាមកពីគ្រប់បណ្តា ស្ថាប័ន មន្ទីរ អង្គភាព ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្ត ដែលនឹងប្រព្រឹត្តទៅមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកាដល់ថ្ងៃទី១០ ខែវិច្ឆិកានៅទំនប់៩៥ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើដល់ក្រុមកីឡាកររបស់ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទាំង ២៧រូប ឱ្យខិតខំហ្វឹកហាត់ ដើម្បីទទួលបានជ័យលាភី នៅក្នុងពេលប្រកួតប្រជែង ហើយនៅក្នុងរយៈពេលហ្វឹកហាត់នេះ សូមគោរពបទបញ្ជា វិន័យរបស់កងទ័ពឱ្យបានល្អ ។លោកមេបញ្ជាការមានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមកីឡាករទូក”ង” នឹងទទួលបានលទ្ធលផលល្អ មកប្រគល់ជូនអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារជាក់ជាពុំខាន៕
ដោយ៖ឡុង សំបូរ