ប្រជុំចាប់ឆ្នោត និង ផ្សព្វផ្សាយ បទបញ្ជាប្រកួត កីឡាប្រណាំងទូកជ្រើសរើសជើងឯកក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី៤
(ខេត្តស្វាយរៀង)៖ រសៀលថ្ងៃទី០៥ ខែវិច្ឆិកានេះ គណៈកម្មការរៀបចំការប្រណាំងទូក ព្រឹត្តិការណ៍កីឡា ជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានអញ្ជើញ ប្រតិភូ គ្រូបង្វឹក កីឡាករ មកពីសមាគមកីឡា កីឡាប្រណាំងទូក រាជធានីខេត្តក្រសួង ស្ថាប័ន មកប្រជុំ ស្តាប់ការណែនាំបច្ចេកទេស និង ចាប់ឆ្នោត ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត មាស សារិន អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
លោក ស៊្រុន លាង គណៈកម្មការរៀបចំការប្រណាំងទូក ឱ្យដឹងថា ការប្រណាំងទូកក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទ២ ដែលធ្វើឡើង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង មានរាជធានី ខេត្ត និងក្រសួងចូលរួមចំនួន៨ ក្នុងនោះមាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល ឧត្តរមានជ័យ កោះកុង ព្រៃវែង ព្រះស៊ីហនុ និងខេត្តស្វាយរៀងម្ចាស់ផ្ទះ។
គណៈកម្មការរៀបចំការប្រកួតខាងលើ បានបញ្ជាក់ទៀតថា ការប្រណាំងនេះ មាន២វិញ្ញាសា គឺ បុរសចំណុះ១២នាក់ អុំប្រណាំងចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសាប្រណាំងចម្រុះបុរសនារីអុំចម្ងាយ២០០ម៉ែត្រ ក្នុងនោះទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ “បុរសមាន៨ក្រុម និងទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ “ចម្រុះបុរសនិងនារីមាន៧ក្រុម។ ការប្រកួតនេះ ធ្វើឡើងរយៈពេល៣ ថ្ងៃគឺ ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ ទន្លេវ៉ៃគោ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ឯកឧត្តម មាស សារិន បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់១ សម្រាប់ប្រភេទកីឡាទូកប្រណាំង ទោះបី វិញ្ញាសា តិចមែនតែយើងខិតខំធ្វើឱ្យបានល្អ ។ ជាមួយនេះ សូមណែនាំ កីឡាករកីឡាការិនីទាំងអស់ រក្សាឱ្យបាននូវវិន័យ ស្វែងយល់ ពីបទបញ្ជា នៃការប្រកួតឲ្យបានច្បាស់ និង ត្រូវគោរពបទបញ្ជាការប្រកួតឲ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើឲ្យដំណើរការនៃការប្រកួត ប្រព្រឹត្តិទៅដោយរលូន។
ឯកឧត្តម បន្ដថា យើងមានវិញ្ញាសា២ប៉ុណ្ណោះ ដូចនេះ ត្រូវប្រឹងប្រែងប្រកួតឲ្យអស់ពី កម្លាំងកាយចិត្ត រក្សាសាមគ្គីភាព ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា មានបញ្ហាអ្វី ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី រួមគ្នាកសាងនិងអភិវឌ្ឍកីឡាប្រណាំងទូក ឲ្យមានការរីកចំរើន ។ ជាមួយនេះ តំណាង សមាគមក្លឹបនិមួយៗសូមកុំភ្លេច បន្ដការបណ្តុះបណ្ដាលយុវជនជំនាន់ក្រោយ ដែលជា ថ្នាលបន្ដវេន បង្វឹកឲ្យពួកគេ មានសមត្ថភាពស្មើ ឬ ខ្លាំងជាង កីឡាកររាមច្បងជំនាន់មុន ។ ឯកឧត្តម បញ្ជាក់ថាកីឡា មានសារៈសំខាន់ ព្រោះ កីឡាមានតួនាទី កសាងមនុស្ស មនុស្ស កសាងសង្គមជាតិ៕
ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ