មកដឹងពីប្រវត្តិ ទូកង “ទេពធីតាសែនជ័យបារមីជំទាវទេព ” ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ទូកង ឈ្មោះ ទេពធីតាសែនជ័យ បារមីជំទាវទេព ត្រូវបានធ្វើពិធីក្រុងពាលីរំកិលចុះទឹកនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីឱ្យក្រុមកីឡាហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញក្នុងពេលខាងមុខ។ពិធីបានប្រព្រឹត្តទៅបរិវេណវត្តទេពធីតារាម ហៅវត្តយាយទេព ។
លោក យិន សាវេន អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងពីប្រវត្តិទូកង ទេពធីតាសែនជ័យបារមីជំទាវទេព ។ទូកនេះបានសុំពីវត្ត ពោធិ៍អណ្ដែតនៃស្រុកកំពង់លែងនាឆ្នាំ២០១៥ ។កាលណោះទូកមានចំណុះជើងចែវ៥៦នាក់ ។ក្រោយពេលជួសជុលរួចបានដាក់ឈ្មោះ ថា ទេពធីតាសែនជ័យបារមីជំទាវទេព ហើយបានយកទៅចូលរួមប្រកួតទទួលបានចំណាត់ថ្នាក់លេខ១ នៅឆ្នាំ ២០១៧ ។ដោយសារទូកមានសភាពទ្រុឌទ្រោមខ្លាំង ក៏បានឯកភាពជួសជុល និងកាត់ទូកឱ្យខ្លីនៅសល់ត្រឹម៤៦ជើងចែវ ។
លោកអភិបាលខេត្តរងខេត្តបន្តឱ្យដឹងទៀតថា នៅពេលជួសជុលកាលណោះបានឱ្យ ជាងទៅសិក្សា និងយកគំរូពីទូកឈ្មោះ “ប្រពៃស្រប” និងទូកឈ្មោះ “ហនុមាន” ដែលជាទូកមានល្បឿនលឿន ។ហេតុដូច្នេះហើយ ទើបទូកនេះ មួយកំណាត់ក្រោយរាងដូច ហនុមាន និងផ្នែកខាងមុខរាងដូច ទូកប្រពៃស្រប។ក្រោយពីជួសជុលកែលម្អរួចថា ទូកទេពធីតាសែនជ័យបារមីជំទាវទេព មានសោភណភាពស្រស់ ហើយសង្ឃឹមថា ឆ្នាំនេះទូកនឹងទទួលបានចំណាត់ថ្នាក់លេខ ១ដូចបណ្ដាឆ្នាំមុនៗដែរ។
លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងបានបន្ថែមថា ទូកង ទេពធីតាសែនជ័យបារមីជំទាវទេព មានប្រវែង២៩,៧៣ ម៉ែត្រ។ មានចំណុះជើងចែវ ៤៦នាក់ ។ធ្លាប់បានចូលរួមប្រកួតថ្នាក់ជាតិចំនួន៥ប្រកួតដោយទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន២ប្រកួត និងចំណាត់ថ្នាក់លេខ២ ចំនួន៣ប្រកួត។
ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់ថា ដើម្បីយកយកជ័យជម្នះកីឡាករ ត្រូវមានវិន័យនិងស្តាប់អ្នកគ្រប់គ្រង។ត្រូវខំហ្វឹកហាត់។លោកក៏បាននាំយកអំណោយជាស្បៀង និងថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាឧបត្ថម្ភកីឡាករទូកទៀតផង។
ចំណែកលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានក៏បានឧបត្ថម្ភថវិកាចំនួ ៣លានរៀលជួយឧបត្ថម្ភ
ដល់កីឡាករ ផងដែរ ៕
ដោយ៖សុខ គឹមសៀន