ជប៉ុនបាញ់ផ្កាយរណបឈើ ដំបូងគេលើលោក ទៅទីអវកាស

បរទេស៖ នៅថ្ងៃអង្គារនេះ ផ្កាយរណបធ្វើពីឈើដំបូងគេ របស់ពិភពលោក ដែលសាងសង់ឡើង ដោយក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន ត្រូវបានបាញ់បង្ហោះ ទៅកាន់ទីអវកាស ក្នុងការសាកល្បងដំបូង នៃការប្រើប្រាស់ឈើ ក្នុងការរុករក តាមច័ន្ទគតិ និងភពអង្គារ។

ផ្កាយរណប LignoSat ធ្វើពីប្រភេទឈើ Honoki បង្កើតឡើងដោយសាកលវិទ្យាល័យក្យូតូ និងក្រុមហ៊ុនសាងសង់ផ្ទះ Sumitomo Forestry ត្រូវហោះហើរ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ក្នុងបេសកកម្ម SpaceX ហើយ ក្រោយមក ត្រូវបានបញ្ចេញទៅក្នុងគន្លង ប្រហែល៤០០គីឡូម៉ែត្រ លើផែនដី។ អ្នកស្រាវជ្រាវបានរកឃើញថា ឈើ Honoki គឺស័ក្តិសមបំផុត សម្រាប់យានអវកាស បន្ទាប់ពីធ្វើការពិសោធន៍ រយៈពេល១០ ខែនៅលើស្ថានីយ៍អវកាសអន្តរជាតិ។ ផ្កាយរណប LignoSat ប្រើបច្ចេកទេសសិប្បកម្មបែបប្រពៃណី របស់ជប៉ុន ដោយគ្មានវីស ឬកាវ។

ផ្កាយរណបមានទំហំប៉ុនបាតដៃនេះ បង្ហាញពីសក្តានុពលលោហធាតុ នៃសម្ភារៈកកើតឡើងវិញ នៅពេលដែលមនុស្សស្វែងរកការរស់ នៅក្នុងលំហអាកាស។

លោក Takao Doi អវកាសយានិកប្រចាំ នៅសាកលវិទ្យាល័យ Kyoto បាននិយាយថា «ជាមួយនឹងឈើ សម្ភារៈដែលយើងអាចផលិតបាន ដោយខ្លួនឯង យើងនឹងអាចសាងសង់ផ្ទះ រស់នៅ និងធ្វើការ នៅក្នុងលំហអាកាស ជារៀងរហូត»។

ជាមួយនឹងផែនការ រយៈពេល៥០ឆ្នាំ នៃគម្រោងដាំដើមឈើ និងសាងសង់ផ្ទះឈើ នៅលើឋានព្រះច័ន្ទ និងភពព្រះអង្គារ ក្រុមការងាររបស់លោក Doi បានសម្រេចចិត្តបង្កើតផ្កាយរណបឈើ ដែលទទួលស្គាល់ដោយ NASA ដើម្បីបញ្ជាក់ថា ឈើគឺជាសម្ភារៈកម្រិតអវកាស។

សាស្ត្រាចារ្យវិទ្យាសាស្ត្រព្រៃឈើ នៃសាកលវិទ្យាល័យក្យូតូ លោក Koji Murata បាននិយាយថា « នៅដើមទសវត្សរ៍ឆ្នាំ ១៩០០ យន្តហោះ ត្រូវបានធ្វើពីឈើ…ដូច្នេះ ផ្កាយរណបឈើ គួរតែអាចធ្វើទៅបាន ផងដែរ»។

លោក Murata បានបន្ថែមថា ឈើមានភាពជាប់លាប់ ក្នុងលំហ ជាងនៅលើផែនដី ពីព្រោះ មិនមានទឹក ឬ អុកស៊ីហ្សែនដែលនាំឲ្យឈើរលួយ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ផ្កាយរណបឈើ ក៏កាត់បន្ថយផលប៉ះពាល់បរិស្ថាន នៅចុងបញ្ចប់នៃជីវិតរបស់វា ឬ នៅពេលដែលផ្កាយរណបឈើខូច លែងប្រើប្រាស់បាន ផងដែរ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner