កម្ពុជា – ឥណ្ឌូណេសុី រួមគ្នាជំរុញ ជើងហោះហើរត្រង់រវាងកោះបាលី និង ខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងពីរប្រទេស និងភ្ញៀវទេសចរ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទំនងការទូតដែលមានរយៈពេល ៦៥ឆ្នាំ ។ ការកោតសរសើរនេះធ្វើឡើងខណៈ អនុញ្ញាតជូនឯកឧត្តមបណ្ឌិត សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តមរដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ បន្ទាប់ពីការចុះអនុស្សរណៈនៃការ យោគយល់គ្នារវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី ស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ទៅ-មក ហ្សាការតា-ភ្នំពេញ-ហ្សាការតា ដោយ បានសម្ពោធការបើកជើងហោះហើរនេះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត និងឯកឧត្តមរដ្ឋមន្ត្រី បានផ្លាស់ប្តូរកិច្ចពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការសហការកន្លងមកបានយ៉ាងល្អប្រសើរក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និង សាធារណរដ្ឋឥណ្ឌូនេស៊ី ។

គួរជម្រាបជូនថា ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះទេសចរ ឥណ្ឌូនេស៊ីមានចំនួន ១២៧.១៧៨នាក់។ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ៤,២៩លាននាក់ កើនឡើង ២២,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ក្នុងនោះទេសចរឥណ្ឌូនេស៊ីមានចំនួន១២៣.៤៣៧នាក់ កើនឡើង៣២,៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញឯកឧត្តមឯកអគ្គរដ្ឋទូត សហការី និងក្រុមគ្រួសារ ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤,ពិធីបុណ្យសមុទ្រលើកទី១១ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត, និងវេទិកាទេសចរណ៍ ម៉ូស្លីម នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner