ក្រុមហ៊ុនកូរ៉េ នឹងរួមចំណែកក្នុងការពង្រីកទីផ្សារ បង្កើតរោងចក្រ ជួយគាំទ្ររាជរដ្ឋាភិបាល និងឱកាសការងារដល់ប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកក្រុមហ៊ុន Samsung Pharm របស់សាធារណរដ្ឋកូរ៉េ បានសន្យាថានឹងខិតខំប្រឹងប្រែងជួយឱ្យអស់ពីលទ្ធភាពដល់កម្ពុជាក្នុងការពង្រីកទីផ្សារ និងបង្កើតរោងចក្រនៅទីនេះផ្ទាល់ ដើម្បីចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគលើវិស័យសុខាភិបាល កសិកម្ម និងផលិតផលគ្រឿងសំអាង ដែលអាចផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជាបានកាន់តែច្រើន។
អគ្គនាយកក្រុមហ៊ុន Samsung Pharm របស់សាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា ដំបូងឡើយក្រុមហ៊ុនលោកមានបុគ្គលិកតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែដោយមានការជ្រោមជែងពីប្រជាជនក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកបម្រើការងារជិត ១០០នាក់។ លោកអគ្គនាយក ក៏បានបញ្ជាក់ថា ក្រុមហ៊ុន Samsung Pharm មានសាខានៅប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ហើយសម្រាប់កម្ពុជា ក្រុមហ៊ុនបានដំណើរការរយៈពេលជិតមួយឆ្នាំហើយ និងមានគម្រោងក្នុងការផ្ដល់ការងារដល់ប្រជាជនកម្ពុជាបានកាន់តែច្រើនថែមទៀត។ ចំពោះផែនការនាពេលខាងមុខ លោកនឹងពង្រីកទីផ្សារឱ្យបានកាន់តែធំ និងនាំចូលនូវផលិតផលល្អៗមកកម្ពុជា និងបង្កើតរោងចក្រនៅទីនេះផ្ទាល់តែម្ដង។
លើសពីនេះ លោកអគ្គនាយក មានគម្រោងចែកជូននូវឧបករណ៍បន្ទះពិនិត្យសុខភាពដែលនាំយកមកពីសាធារណរដ្ឋកូរ៉េ ដល់មន្ត្រីរាជការកម្ពុជាដែលខិតខំប្រឹងប្រែងបំពេញការងារ ដែលឧបករណ៍ពិនិត្យសុខភាពនេះគឺអាចធ្វើតេស្តបានតាមរយៈទឹកមូត្រ និងអាចដឹងអំពីបញ្ហាសុខភាពថ្លើម ទឹកនោមផ្អែម និងតម្រងនោម ដូច្នេះប្រសិនបើមានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់នោះ លោកក៏ចង់រៀបចំកម្មវិធីចែកជូនឧបករណ៍នេះដល់មន្ត្រីរាជការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីពិនិត្យសុខភាពផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថាក្រុមហ៊ុន Samsung Pharm នឹងរីកលូតលាស់ទៅមុខទៀតក្នុងដំណើរការវិនិយោគនៅកម្ពុជា។ ឯកឧត្តមបានទាញចំណាប់អារម្មណ៍ដល់ប្រតិភូក្រុមហ៊ុន Samsung Pharm ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កំពុងរៀបចំនូវសួនឌីជីថលមួយ ហើយអ្វីដែលជាបច្ចេកទេសទាក់ទិននឹងការពិនិត្យសុខភាពដូចអ្វីដែលក្រុមហ៊ុនបានលើកឡើងនោះក៏ជាចំណែកមួយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងតែគិតគូរលើចំណុចនេះដែរ។
ដោយឡែកផ្នែកសុខាភិបាល ឯកឧត្តម បានបន្តថាកម្ពុជាកំពុងតែគិតគូរលើយុទ្ធសាស្ត្រថ្មីដើម្បីជំរុញឱ្យវិស័យនេះកាន់តែប្រសើរឡើង។បច្ចុប្បន្ន ប្រជាជនកម្ពុជាកាន់តែគិតគូរយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពច្រើនជាងមុន ដូច្នេះប្រសិនបើក្រុមហ៊ុន Samsung Pharm អាចរៀបចំជាគ្លីនិក១នៅក្នុងប្រទេសកម្ពុជា ហើយបើកឱ្យប្រជាជនកម្ពុជាបានចូលពិនិត្យពិគ្រោះយោបល់ផ្នែកថែទាំសុខភាពនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថាជាការល្អប្រសើរ និងអាចដំណើរការទៅមុខបានល្អ។
ម៉្យាងទៀត ផលិតផលគ្រឿងសំអាងរបស់សាធារណរដ្ឋកូរ៉េត្រូវបានប្រជាជនកម្ពុជានិយមប្រើប្រាស់ ពីព្រោះផលិតផលទាំងនោះមានតម្លៃសមរម្យ និងគុណភាពខ្ពស់ ដូច្នេះនេះក៏ជាឱកាសសម្រាប់ក្រុមហ៊ុននាំយកផលិតផលគ្រឿងសំអាងមកដាក់លក់ចែកចាយនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយក្រសួងនឹងជួយសម្របសម្រួលលើកិច្ចការនានាតាមការស្នើសុំរបស់ក្រុមហ៊ុនដើម្បីជម្រុញឱ្យដំណើរការវិនិយោគនៅក្នុងប្រទេសកម្ពុជាមានភាពរលូន ជាចំណែកជួយជំរុញដល់វិស័យសេដ្ឋកិច្ចរបស់កម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនពិចារណាលើផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលជាវិស័យមានសក្តានុពលមួយ ប៉ុន្តែទីផ្សារនៅតូចចង្អៀតនៅឡើយ ដូច្នេះ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនអាចនាំយកផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅលក់ផ្គត់ផ្គង់នៅក្នុងទីផ្សាររបស់សាធារណរដ្ឋកូរ៉េផងដែរ ៕
ដោយ / គ្រី សម្បត្តិ