ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន៖ បច្ចុប្បន្នជំងឺមហារីក គឺជាបញ្ហាប្រឈមថ្មីមួយនៅក្នុងវិស័យសុខាភិបាល

(ភ្នំពេញ)៖ បច្ចុប្បន្នជំងឺមហារីកគឺជាបញ្ហាប្រឈមថ្មីមួយនៅក្នុងវិស័យសុខាភិបាលដោយសារតែការកើនឡើងនូវចំនួនករណីថ្មី និងអត្រាមរណភាពដោយសារជំងឺនេះក៏មានការកើនឡើង ក្នុងនោះកត្តាជីវសាស្ត្រ និងវិទ្យាសាស្ត្រ ដែលនាំឱ្យមានការកើនឡើងនូវការ សង្ឃឹមរស់របស់មនុស្សបានកាន់តែយូរនាំឱ្យជំងឺមិនឆ្លងរ៉ាំរ៉ៃវាយលុកក៏កាន់តែកើនដែរ។

នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅសណ្ឋាគារភ្នំពេញ កាល ពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តមទីប្រឹក្សាបន្តថា នៅក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពទី១ ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានឱ្យអាទិភាពទៅលើមនុស្ស មុនគេ។ ក្នុងន័យនេះផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកដ៏កាចសាហាវនឹងរួមចំណែកដើម្បីឈាន ទៅសម្រេចនូវគោលដៅនេះ ដោយឯកឧត្តមបានលើកឡើងថា ជំងឺមហារីកគឺជាបន្ទុកដ៏ធំសម្រាប់ បុគ្គលជាអ្នកជំងឺផ្ទាល់ ក្រុមគ្រួសារ បងប្អូន មិត្តភក្ត្រ និងសង្គមជាតិទាំងមូល ដោយហេតុថាជំងឺ មួយនេះអាចធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសក្តានុពល ក៏ដូចជាសេដ្ឋកិច្ចរបស់បុគ្គល ក្រុមគ្រួសារ រួមនិងសេដ្ឋកិច្ចសង្គមជាតិថែមទៀតផង។ ដូច្នេះហើយផែនការយុទ្ធសាស្ត្រជាតិ រួមជាមួយការអនុវត្តច្បាស់លាស់គ្រប់ជ្រុងជ្រោយនឹងជួយឱ្យក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលអាចសម្រេចបាននូវការគ្រប់គ្រងជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

លោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សាក្រសួងសុខាភិបាលបានឱ្យដឹងថា នាពេលបច្ចុប្បន្នជំងឺមិនឆ្លងកើនឡើងនៅទូទាំងពិភពលោក ហើយក្នុងចំណោមករណីស្លាប់ទាំងអស់មាន ៦០ភាគរយ គឺបណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះមានជំងឺមហារីកផងដែរ ។ តាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំមានអ្នកស្លាប់បណ្តាលមកពីជំងឺមហារីកប្រហែល ១០លាននាក់។ ដោយឡែកនៅប្រទេសកម្ពុជា ជំងឺមិនឆ្លងកំពុងតែកើនឡើង ដែលជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយ។

ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០.០០០នាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៦៤ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ ១៤ភាគរយ ហើយតាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩.៧៩៥នាក់ ក្នុងនោះ ១០.៦២៤ករណីជាស្ត្រី។ ជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេក្នុងចំណោមជំងឺមហារីកទាំងអស់ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺមហារីកដែលឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀនធំ និងសួត៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner