ទិវាជាតិអាហារូបត្ថម្ភលើកទី១១ ក្រោមប្រធានបទ ” អារូបត្ថម្ភដើម្បីការលូត​លាស់​និងកំណើន

(ភ្នំពេញ)៖ អារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន ត្រូវបានប្រារព្ធធ្វើនៅសណ្ឋាគារ SUN and MOON នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការ នៃស្ថានទូតសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងជាតំណាងប្រទេសផ្តល់ជំនួយនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា, លោកស្រី Rebekah Bell, នាយិកាអង្គការស្បៀង និងកសិកម្មសហប្រជាជាតិប្រចាំកម្ពុជា និងជាតំណាងអង្គការសហប្រជាជាតិនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា ។

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានមានប្រសាសន៍ថា ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្វធ្វើជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមសកម្មភាពនានា ដើម្បីកែលម្អប្រព័ន្ធស្បៀងនៅកម្ពុជា ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

លោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការ នៃស្ថានទូតសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងជាតំណាងប្រទេសផ្តល់ជំនួយនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា បានមានប្រសាសន៍ថា រយៈពេលជាង ២ទសវត្សរ៍មកនេះ ប្រទេសកម្ពុជាមានការវិវត្តន៍រីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងផ្តល់បទពិសោធន៍ល្អៗសម្រាប់ប្រទេសដ៏ទៃទៀតយកទៅអនុវត្ត។ តែទោះជាយ៉ាងណាប្រទេសកម្ពុជានៅតែប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ភាពក្រេះក្រិន ភាពស្គមស្គាំង និងបញ្ហាលើសទម្ងន់ ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន, ឯកឧត្តមវេជ្ជបណ្ឌិត ជាសំណាង បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិឌ្ឍ និងអង្គការសង្គមស៊ីវិលនានាដែលបានសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ រៀបចំពិធីអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី ១១ នេះឡើងដែលត្រូវបានធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣ មក។

ឯកឧត្តមបន្តថា ដើម្បីលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងដោះស្រាយបញ្ហាប្រព័ន្ធស្បៀង បញ្ហាសុខភាព សាធារណៈ ទឹកស្អាតនិងអនាម័យ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សម្របសម្រួល ការរអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ បរិស្ថាន កិច្ចគាំពារសង្គម ទឹកស្អាតនិងអនាម័យ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាជនតាមរយៈការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀងឱ្យកាន់តែរឹងមាំ ឆ្លាតវៃ ធន់ បរិយាប័ន្ន ផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner