វិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និង សាកលវិទ្យាល័យយូណានមីនជូ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះអនុស្សរណៈសហការគ្នា ជំរុញនិងគាំទ្រការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិទេសចរណ៍ នៃក្រសួងទេសចរណ៍ កម្ពុជា និងសាកលវិទ្យាល័យយូណានមីនជូនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកិច្ចសហប្រតិបត្តិការជំរុញ និងគាំទ្រការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ នាល្ងាចថ្ងៃចន្ទទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីដាក់ចេញផែនការនិងសកម្មភាពចាំបាច់នានារួមគ្នា សំដៅជំរុញលើការបណ្តុះបណ្តាលក្នុងវិស័យទេចរណ៍ ព្រមទាំងចាត់តាំងជនបង្គោល Focal Person ដើម្បីតាមដានការអនុវត្ត MOU នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា វិស័យទេសចរណ៍កម្ពុជា គឺជាការងារដែលមានសារៈសំខាន់ និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម បុរេសកម្ម និងអន្តរសកម្ម ពីគ្រប់បណ្ដាភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ។

វិស័យទេសចរណ៍កម្ពុជា ក៏មានតម្រូវការវិវត្តតាមលក្ខណៈបច្ចេកវិទ្យាទំនើប ដែលបានផ្ដល់នូវមធ្យោបាយចែករំលែកព័ត៌មានដែលមានភាពងាយស្រួល ឆាប់រហ័ស និងវិសាលភាពកាន់តែទូលំទូលាយ ដែលនេះជាកត្តាមួយចាំបាច់ដែលក្រសួងទេសចរណ៍ ត្រូវពង្រឹងយន្តការនៃការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗ ។

សូមគូសបញ្ជាក់ថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសាកលវិទ្យាល័យយូណានមីនជូ ឱ្យជួយអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារៈឧបករណ៍បង្ហាត់បង្រៀនដែលទាក់ទងនឹងវិស័យទេសចរណ៍ និងគាំទ្រគម្រោងផ្តួចផ្តើមសិក្ខាសាលា ស្តីពី «ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនវិជ្ជាជីវៈទេសចរណ៍កម្ពុជា» នៅឆ្នាំ២០២៥ ជាពិសេសការជំរុញការផ្លាស់ប្តូរវប្បធម៌យុវជន (មន្រ្តីវ័យក្មេងក្រសួងទេសចរណ៍) និងដំណើរទស្សនកិច្ចទៅវិញទៅមករវាងវិទ្យាស្ថានជាតិទេសចរណ៍/សាលាវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យសាកលវិទ្យាល័យយូណាមីនជូ ។

ឯកឧត្តម បានវាយតម្លៃចំពោះការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និង សាកលវិទ្យាល័យយូណានមីនជូ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវិស័យទេសចរណ៍ជាអាទិភាពមួយក្នុងចំណោមអាទិភាពដ៏ទៃទៀតក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរដ្ឋសភានីតិកាលទី៧នេះ ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner