បណ្តាប្រទេស អាស៊ីអាគ្នេយ៍ សរសើរ កីឡាហែលទឹកពាក់ជើងទាកម្ពុជា ថា មានការរីកចម្រើនលឿន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា បណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើតសរសើរថា វិស័យកីឡាហែលទឹកពាក់ជើងទាកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីស៊ីហ្គេម កាលពីឆ្នាំ២០២២ នៅប្រទេសវៀតណាម ហែលទឹកពាក់ជើងទាកម្ពុជាប្រៀបបាននឹងកូនក្មេងលេងជាមួយមនុស្សធំ។
លោកអគ្គលេខាធិការ បានលើកឡើងបែបនេះ ក្រោយ បញ្ចប់ ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ពីថ្ងៃទី០២-០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

លោក ហែម គីរី ជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកពាក់ជើងទារ​អាស៊ី​អាគ្នេយ៍​​ផងនោះ​បានគូសបញ្ជាក់ថា ការរៀបចំការប្រកួត​ហែលទឹក​ពាក់ជើង​ទារ​អាស៊ីអាគ្នេយ៍លើកទី១នេះ គឺដើម្បីបង្ហាញទៅកាន់គណៈកម្មាធិការជាតិអូឡាំពិក​របស់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ពីភាពរីកចម្រើន និង ចង់ឃើញប្រភេទ​កីឡានេះមានភាពរីកចម្រើនរហូតត្រូវបានដាក់បញ្ចូលក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម។

លោក អគ្គលេខាធិការបន្ថែមទៀតថា ៖«ការទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡា​ហែលទឹកជើងឯកអាស៊ីអាគ្នេយ៍ លើកទី១នេះទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ ព្រោះតែសហព័ន្ធខ្មែរកីឡាហែលទឹកបានយកចិត្តទុកដាក់លើគ្រប់ចំណុចមិនថាកន្លែងស្នាក់នៅ ការហូបចុច ការធ្វើដំណើរផ្សេងៗ ។ ក្រោយការរៀបចំយកចិត្តទុកដាក់ និងមានបដិសណ្ឋារកិច្ចល្អបែបនេះកម្ពុជាទទួលបានការកោតសរសើរថា ធ្វើជាម្ចាស់ផ្ទះបានល្អ»។

ទាក់ទងរឿងការប្រកួតក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលោក ហែម គិរី ក៏បានគួសបញ្ជាក់ ថា «រហូតមកដល់ពេលនេះយើងមិនទាន់អាចបញ្ជាក់បាន១០០%នៅឡើយទេ ថាស៊ីហ្គេមនៅថៃ នឹងមិនមានហែលទឹកពាក់ជើងទារឬក៏យ៉ាងណា។

លោក បញ្ជាក់ដែរថា យើងរៀបចំការប្រកួតហែលទឹកពាក់ជើងទារអាស៊ីអាគ្នេយ៍​លើក​ទី១នេះ​​ក៏ដើម្បីចង់បង្ហាញឲ្យគណៈកម្មាធិការជាតិអូឡាំពិកនានា​របស់​ប្រទេសផ្សេងបានឃើញថា យើងមានសកម្មភាពប្រកួតហើយ ដូចនេះ គួរតែផ្ដល់​ឱកាសឲ្យកីឡាមួយនេះបានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដូចគេដូចឯងដែរ។ ចំពោះការរៀបចំការប្រកួតហែលទឹកពាក់ជើង​ទារអាស៊ីអាគ្នេយ៍​លើកទី២វិញ គឺមិនទាន់ច្បាស់ថានឹងរៀបចំនៅប្រទេសណានោះទេ ប៉ុន្តែទន្ទឹមនឹង​នោះប្រទេសឥណ្ឌូណេស៊ីជាបេក្ខភាពបន្ទាប់ពីកម្ពុជា។ ក្នុងនោះប្រសិនបើឥណ្ឌូ​ណេស៊ី​មិនទទួលយកសិទ្ធធ្វើជាម្ចាស់ផ្ទះការរៀបចំព្រឹត្តិការណ៍នេះទេ ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះបន្តពីកម្ពុជា។

គួរបញ្ជាក់ថា ចំពោះលទ្ធផលជ័យលាភីលើវិញ្ញាសាសរុបចំនួន២៥ ដែលដំណើរការរយៈពេល៤ថ្ងៃ រួមមាន៖វៀតណាមឈរនៅចំណាត់ថ្នាក់លេខ១ជាមួយនឹង មេដាយមាស ២១ ប្រាក់១៤ និងសំរឹទ្ធ៤គ្រឿង (សរុប៣៩គ្រឿង, ម្ចាស់ផ្ទះកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ មេដាយមាស២គ្រឿង ប្រាក់៧ គ្រឿង និងសំរឹទ្ធ៦ (សរុប១៥គ្រឿង) ខណៈឥណ្ឌូណេស៊ី ឈរលេខ៣ ទទួលបានមេដាយសរុប៧ ក្នុងនោះមាស២ ប្រាក់៣ និងសំរឹទ្ធ២គ្រឿង។ ចំពោះប្រទេសថៃទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ១០គ្រឿង សរុប១១គ្រឿង។ ក្រៅពីនេះ គឺ៣ប្រទេសដូចជា ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរីមិនទទួលបានមេដាយ ឡើយ៕

ថតដោយ ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner