បញ្ហាប្លាស្ទិកជាជំងឺរបស់មនុស្សជាតិទាំងមូល

(ពោធិ៍សាត់)៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា បញ្ហាប្លាស្ទិក ជាជំងឺរបស់មនុស្សជាតិទាំងមូល ដោយមិនត្រឹមតែធ្វើឱ្យខូចសោភ័ណ្ធ​ភាព បំផ្លាញជីវៈចម្រុះ ថែមទាំងអាចជ្រាបចូលទៅក្នុងខ្លួនមនុស្ស តាមរយៈចំណី​អាហារ និងការប្រើប្រាស់ប្លាស្ទិក ដែលជាប្រភព​បញ្ហាសុខភាពជាច្រើន ក្នុងនោះ​មានជំអឺមហារីក ជាដើម។

ការថ្លែងនេះ បានធ្វើឡើងក្នុងយុទ្ធនាការបណ្តុះគំនិតស្អាត «កម្ពុជាស្អាតខ្មែរធ្វើបាន» នៅទូទាំងក្រុងពោធិ៍សាត់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងបំណងបណ្តុះ​គំនិត​ស្អាត និងប្រែក្លាយទីក្រុងពោធិ៍សាត់ឲ្យកាន់តែស្អាត មានភាពទាក់ទាញ និងគ្មាន​សំរាម សំណល់ប្លាស្ទិក ហូរចូលទៅក្នុងបឹងទន្លេសាប និងគ្មាននៅតាមដងផ្លូវ​ចាប់​ពីឆ្នាំ២០២៥ ។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកបង្ហាញពីការរកឃើញរបស់អ្នកវិទ្យាសាស្រ្តពីការធ្វើ​កោសល្យវិច្ច័យទៅលើសាកសពរបស់មនុស្ស ដោយបានរកឃើញមានសំណល់​ប្លាស្ទិក​​ក្នុងខួរក្បាល។ ឯកឧត្តម មានប្រសាសន៍ថា យើងឃើញមានរបស់ប្រើប្រាស់​ប្លាស្ទិកដូចជា៖ ទុយោ ថង់ប្លាស្ទិក បំពង់បឺត ប្រអប់ស្នោ ជាដើម ដែលសុទ្ធសឹងជា​សម្ភារប្លាស្ទិកកំពុងពេញនិយមនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

លោក សឿង សារឿន នាយកប្រតិបត្តិអង្គការ NGO Forum បានគាំទ្រឲ្យ​មានការចូលរួមការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្របតាមការប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងការ​អភិវឌ្ឍ​ប្រកបដោយចីរភាព។

តាមរបាយការណ៍ប៉ាន់ស្មាននៅឆ្នាំ២០២៣ បានបង្ហាញថា បរិមាណសំរាម សំណល់រឹងទីប្រជុំជននៅទូទាំងប្រទេសកម្ពុជា ដែលបានយកទៅចាក់ចោលនៅ​ទីលាន​មានប្រមាណជាង២លានតោន ក្នុងមួយឆ្នាំ និងអត្រាកំណើនប្រមាណជា ១៥ភាគរយ ក្នុងមួយឆ្នាំ។

អត្រានៃការបង្កើតសំរាម សំណល់រឹងទីប្រជុំជន គិតជាមធ្យម សម្រាប់រាជធានីភ្នំពេញ និងទីក្រុងមានការអភិវឌ្ឍខ្ពស់មានប្រហែល០,៦-១,២គីឡូក្រាម ក្នុងមួយថ្ងៃ ក្នុងមនុស្សម្នាក់, សម្រាប់ទីប្រជុំជនក្រុង ស្រុក មានការអភិវឌ្ឍមធ្យមមានប្រហែល០,៤-០,៨គីឡូក្រាម ក្នុងមួយថ្ងៃ ក្នុងមនុស្សម្នាក់, និងសម្រាប់ទីប្រជុំជនផ្សេងទៀតមានប្រហែល ០,៣-០,៥គីឡូក្រាម ក្នុងមួយថ្ងៃ ក្នុងមនុស្សម្នាក់។
ការផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹង ភាគច្រើនមានតែនៅរាជធានីភ្នំពេញ និងតាមបណ្តាទីប្រជុំជនក្រុង-ស្រុកតែប៉ុណ្ណោះ។ សម្រាប់ទីប្រជុំជនក្រុងទាំង២៦ ការផ្តល់សេវានេះ គឺធ្វើឡើងដោយក្រុមហ៊ុនឯកជន៕

ដោយ ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner