Zelensky រំពឹងថា Trump ជួយនាំសន្តិភាពនៅអ៊ុយក្រែន ឆាប់ៗ
បរទេស៖ ក្រោយដឹងថា លោក Trump បានឈ្នះការបោះឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិក ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Zelensky បានថ្លែងផង និងបង្ហោះលើបណ្តាញសង្គមផង អបអរសាទរដល់លោក Trump ដោយកត់សម្គាល់ការប្តេជ្ញាចិត្តចំពោះវិធីសាស្រ្ត «សន្តិភាព» របស់ លោក Trump នឹងអាចនាំឲ្យអ៊ុយក្រែនមានសន្តិភាព ឆាប់ៗនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា «សូមអបអរសាទរចំពោះ @realDonaldTrump ចំពោះជ័យជម្នះការបោះឆ្នោតដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់! ខ្ញុំនឹកចាំពីជំនួបដ៏អស្ចារ្យរបស់យើងជាមួយលោកប្រធានាធិបតី Trump កាលពីខែកញ្ញា នៅពេលដែលយើងបានពិភាក្សាលម្អិតអំពីអ៊ុយក្រែន-សហរដ្ឋអាមេរិក។ ភាពជាដៃគូយុទ្ធសាស្ត្រ ផែនការជ័យជំនះ និងវិធីដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន» នេះជាអ្វីដែលលោក Zelensky បានសរសេរនៅក្នុងការបង្ហោះនៅលើវេទិកាសង្គម X ។
លោកបានបន្ថែមថា លោកសូមកោតសរសើរចំពោះ «ការប្តេជ្ញាចិត្តរបស់លោក Trump ចំពោះវិធីសាស្រ្ត សន្តិភាពដ៏មានឥទ្ធិពល នៅក្នុងកិច្ចការ ពិភពលោក។ មេដឹកនាំអ៊ុយក្រែនរូបនេះបានបន្តថា «នេះជាគោលការណ៍ដែលអាចអនុវត្តបានសន្តិភាពនៅអ៊ុយក្រែន កាន់តែឆាប់»។
គួររម្លឹកថា លោក Trump បានជួបជាមួយ Zelensky កាលពីខែមុន ចំពេលមានសង្រ្គាមជិតបីឆ្នាំ។ លោក Trump បានគូសបញ្ជាក់ពីទំនាក់ទំនងរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី ហើយបានបង្កប់ន័យថា លោកអាចធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម «យ៉ាងឆាប់រហ័ស»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត