ឯកឧត្តម ឃួង ស្រេង ៖ អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង ១០៥ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានកិត្តិយសនៃអនុ គណៈកម្មការ ដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានធ្វើការផ្តាំផ្ញើឱ្យមន្ទីរ​ពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តយកចិត្តទុកដាក់ខ្ពស់​ចំពោះ​មនុស្សចាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដឹកនាំដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺមិនទុក​អោយមនុស្ស​វ័យចាស់រស់នៅឯកកោឡើយ។

ការផ្តាំផ្ញើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៧ វិច្ឆិកា ក្នុងពិធីសំណេះសំណាលជាមួយ​មនុស្ស​វ័យ​ចាស់​ក្នុងរាជធានីភ្នំពេញចំនួន ៥២៥រូប ក្នុងឱកាសអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១-តុលា-២០២៤នៅសាលារាជធានីភ្នំពេញ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ មនុស្សវ័យចាស់អាយុចាប់គិតចាប់ពី ៦១ឆ្នាំឡើងទៅសរុបចំនួន ១៩២,៣៩៩នាក់ (ស្រី៩៩,២៤២) នាក់។ បានកំពុងគ្រប់គ្រងសមាជិកសមាគមមនុស្សចាស់ ចំនួន ២២,១៤៩នាក់ (ស្រី១៣,៧៥០នាក់)។ បានសហការធ្វើបញ្ជីបច្ចុប្បន្នភាពតាមមូលដ្ឋាន​សង្កាត់ទាំង១០៥ នៃប្រមូលទិន្នន័យមនុស្សវ័យចាស់ជរាចំនួន ៣,៥២០នាក់ (ស្រី១,៧៣៣នាក់)។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោក អ៊ុ លោកពូ អ្នកមីង វ័យចាស់កន្លងមកនេះបានចូលរួមសកម្មភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មក ក្នុងការកសាងប្រទេសជាតិឱ្យអភិវឌ្ឍរីកចម្រើន​ជឿនលឿនរហូតមកដល់បច្ចុប្បន្ននេះ។

អភិបាលរាជធានីបានបញ្ជាក់ថា អំណោយដែលផ្តល់ជូន អ៊ំ ពូ មីង វ័យចាស់ទាំង ៥២៥នាក់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុង០១រូបៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម,ភួយ០១,ក្រមា០១,ត្រីខ ០១យូរ (១០កំប៉ុង),មី ០១កេសតូច,ទឹកបរិសុទ្ធ ០១កេសនិងថវិកា ចំនួន៥០,០០០រៀល ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner