សហគមន៍ទេសចរណ៍កំពង់ភ្លុក ទទួលបានកំណើនភ្ញៀវទេសចរបរទេសមកពីអឺរ៉ុប ខណៈភ្ញៀវជាតិក៏កើនឡើង

(សៀមរាប)៖ ចាប់ពីឈានចូលដល់រដូវវស្សានាឆ្នាំ២០២៤នេះ​ពោលគឺបន្ទាប់ពីមាន​ទឹកចាប់​ផ្តើមលិចនៅក្នុងសហគមន៍ទេសចរណ៍កំពង់ភ្លុកមក ភ្ញៀវទេសចរទាំងជាតិ និងអន្តរ ជាតិ ពិសេសមកពីតំបន់អឺរ៉ុប បាននាំគ្នាចូលមកកម្សាន្តកើនឡើង​គួរកត់សម្គាល់។

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុង​ឃុំកំពង់ភ្លុក ដែលលាតសន្ធឹងលើភូមិចំនួន៣ ដូចជាភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចំងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្ត សៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ។

លោក សាង គង់ ប្រធានហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបានឱ្យដឹងថា ៖ ចាប់ពី​​​ខែ៦ រហូតមកដល់ពេលនេះកំណើនភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និង​បរទេស​ដែលចូលមកកម្សាន្តទីកន្លែងនេះកើនឡើង ដោយក្នុងនេះមួយថ្ងៃ​មាន​ភ្ញៀវទេសចរជិត ២០០នាក់ និងថ្ងៃខ្លះអាចឈានដល់ជិត ៣០០នាក់ចូលកម្សាន្ត​ទៀតផង។ សម្រាប់ភ្ញៀវបរទេសពិសេសអឺរ៉ុបក្នុង មួយថ្ងៃមានច្រើនជាង ១០០នាក់ និងក្រៅពីនេះមកពីចិន និងជនជាតិអាស៊ីដទៃទៀត។

ភ្ញៀវបរទេសដែលមកពីអឺរ៉ុបតែងតែនាំគ្នាជិះទូកកម្សាន្តជាក្រុមៗដែលហាក់ជាទីឋានដែលពួកគេចូលចិត្តបំផុតនាផ្ទៃទឹកដ៏ស្រស់ត្រកាលគ្រប់ដណ្តប់យ៉ាងល្វឹងល្វើយនេះ។សម្រាប់ជនជាតិខ្មែរវិញចូលមកកម្សាន្តភាគច្រើនថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាថ្ងៃ​ឈប់សម្រាក។

លោកបានប្រាប់ថាជនជាតិបរទេសដែលចូលមកម្សាន្តនៅសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុកដោយបានផ្តោតគោលដៅសំខាន់ទស្សនាទៅលើជីវភាពពលរដ្ឋ​រស់​នៅ​លើផ្ទះបណ្តែតទឹក សម្ភារៈកែច្នៃផ្សេងៗដូចជាប្រហុក ត្រីងៀត ត្រីឆ្អើរជាដើម ។ ក្រៅពីនេះអ្វីដែលជនជាតិបរទេសចូលចិត្ត ហើយស្ងើចសរសើរគឺបរិស្ថានស្អាត និងប្រកបដោយអនាម័យរបស់ពលរដ្ឋរស់នៅតំបន់នេះតែម្តង។

លោក សាង គង់ បាននិយាយថានៅសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក នារដូវវស្សាតែងមានភ្ញៀវទេសចរសម្រុកមកកម្សាន្តច្រើនជាងរដូវប្រាំង។ ទាំងនេះដោយសារតែនារដូវវស្សាមានសក្តានុពលខ្លាំងក្លាដែលព្រៃលិចទឹកមើលទៅល្ហល្ហេវ ហើយក្រឡេកទៅទីណាក៏ស្រស់ស្អាតតាមធម្មជាតិខ្លាំងណាស់ ។ អ្វីដែលដែលអ្នកទេសចរតែងស្ងើចសរសើរមិនដាច់ពីមាត់មួយទៀតនោះគឺព្រៃលិចទឹក និងតំបន់ ធនធានធម្មជាតិចំនួន ៤៨ហិកតាទៅដល់ទីកន្លែងណាក៏ស្រស់ស្អាតដែរ។

ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក រូបនេះបានប្រាប់ដែរថា ៖ មកដល់​ពេលនេះមានពលរដ្ឋកំពង់ភ្លុកប្រមាណ៧០ភាគរយបានផ្លាស់ប្តូរពីការនេសាទមកបម្រើវិស័យទេសចរណ៍វិញ។សម្រាប់៣០ភាគរយទៀតជាអ្នកប្រកបរបរកសិកម្ម​ក្នុងនេះដូចជានេសាទត្រី ដាំដំណាំនារដូវប្រាំងជាដើម។ បច្ចុប្បន្នសហគមន៍​មួយនេះ​ដែលមានប្រជាពលរដ្ឋបីភូមិមានសមាជិកសរុប ៤០៦គ្រួសារ និងមានប្រជាសហគម​ន៍​សរុប ២៣១៣នាក់។

លក្ខណ:ពិសេសប្លែកគេរបស់សហគមន៍ ហើយដែលភ្ញៀវទេសចរជាតិ-អន្តរជាតិ​ពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្តក្នុងភូមិមើលទេសភាព និងព្រៃលិចទឹកដែល​មាន​អ្នកអុំទូកជាស្ត្រីទាំងអស់ក្នុងចំណោមទូកចំនួន ជាង១ពាន់នាក់។ ក្រុមស្ត្រីអុំទូក​នេះ​មិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរ​ដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណ:ស្ថានភាព ធម្មជាតិ ប្រពៃណី​ទំនៀម​​ទម្លាប់ ប្រកដោយក្តីរីករាយ ។

គួរបញ្ជាក់ថាបើតាមមន្ទីរព័ត៌មាន ខេត្តសៀមរាបបានឱ្យដឹងថា សម្រាប់ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរបានចូលទៅកម្សាន្តនៅសហគមន៍​ទេសចរ​ណ៍​កំពង់ភ្លុក ជាង ២២ម៉ឺននាក់ ។ ដោយឡែកប្រធានសហគមន៍ទេសចរណ៍​ធម្ម​ជា​តិ​កំពង់ភ្លុកបានឱ្យដឹងដែរថាឆ្នាំ២០២៣ភ្ញៀវទេសចរចូលកម្សាន្តមានប្រមាណជិត ២០​ម៉ឺននាក់ ហើយសង្ឃឹមថាឆ្នាំ២០២៤នេះនឹងមានកំណើនខ្ពស់ជិតទ្វេរ​ដងពុំខាន ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ បូរិន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner