មន្ត្រីក្រសួងការបរទេសកម្ពុជា និងក្រូអាស៊ី ធ្វើជាសហប្រធាន នៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី

(ភ្នំពេញ)៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Frano Matušić រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ លើកទី១ នៅទីក្រុង Zagreb នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សហប្រធានទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ក្រូអាស៊ី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការការទូត សេដ្ឋកិច្ច និងវប្បធម៌ និងការលើកកម្ពស់ការយល់គ្នាទៅវិញទៅមក។

សហប្រធានទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នា លើប្រវត្តិសាស្ត្រស្រដៀងគ្នាស្តីពីការស្តារប្រទេសឡើងវិញក្រោយជម្លោះ ដែលជាកត្តានាំឱ្យប្រទេសទាំងពីរទទួលស្គាល់ពីសារៈសំខាន់នៃសន្តិភាព និងចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាសសរស្តម្ភនៃវឌ្ឍនភាពយូរអង្វែង។

ក្នុងអំឡុងពេលស្នាក់នៅសាធារណរដ្ឋក្រូអាស៊ី ឯកឧត្តម ឃួន ផុនរតនៈ ក៏បានដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់កំពង់ផែ Rijeka ដែលជាច្រកសមុទ្រជាយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់ប្រទេសក្រូអាស៊ី​ ព្រមទាំង បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោក Denis Vukorepa នាយកប្រតិបត្តិនៃកំពង់ផែ Rijeka ដើម្បីស្វែងរកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងកំពង់ផែនៃប្រទេសទាំងពីរ។

គណៈប្រតិភូកម្ពុជាក៏បានស្តាប់បទបង្ហាញគួរឱ្យចាប់អារម្មណ៍អំពីគម្រោងសំខាន់ៗមួយចំនួនរបស់កំពង់ផែ និងបានអញ្ជើញធ្វើដំណើរមើលគម្រោងសំខាន់ៗដែលកំពុងដំណើរការនៅកំពង់ផែផ្ទាល់ផងដែរ។

កិច្ចពិគ្រោះយោបល់នេះ បង្ហាញពីការប្តេជ្ញាចិត្តជាថ្មី ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ក្រូអាស៊ីឱ្យកាន់តែស៊ីជម្រៅ ដើម្បីជាប្រយោជន៍របស់ប្រទេសទាំងពីរ និងជាជំហានឆ្ពោះទៅរកការប្រារព្ធខួប៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៦ ខាងមុខ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner